ម៉ា ច័ន្ទ​បញ្ញា ពី​អ្នកចម្រៀង ឈានចូល​ក្នុង​ទីផ្សារ​ភាពយន្ត​ខ្នាត​ធំ​ដំបូង​

133

(​ភ្នំពេញ)​៖ បន្ទាប់ពី​បាន​សម្ពោធ​ភាពយន្ត​រឿង «​កិច្ចសន្យា​ស្នេហ៍ Tom And Jerry» កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ជា​ផ្លូវការ​រួចមក ទស្សនីយ៍ភាព​មួយ​នេះ នឹង​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងកុន​ទំនើបៗ ទាំងអស់​នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៩ ខែកុម្ភៈ នេះ​តទៅ​។ ប៉ុន្តែ​អ្វីដែល​គប្បី​ផ្តោត​ការយកចិត្តទុកដាក់​នោះ​គឺ ទស្សនិកជន​ខ្លះ ក៏បាន​ស្គាល់​ថា លោក​ម៉ា ច័ន្ទ​បញ្ញា ជា​នរណា ហើយ​អ្នក​ខ្លះទៀត នៅតែ​ងឿងឆ្ងល់​ថា ហេតុអ្វី​ផលិតកម្ម បែរជា​រើសយក បញ្ញា ជា​តួឯក ក្នុង​ភាពយន្ត​ខាងលើនេះ​?​។​

​ថ្វីបើ ម៉ា ច័ន្ទ​បញ្ញា គឺជា​តារាចម្រៀង Original ទើបតែ​បង្ហាញខ្លួន មិន​ដល់​៥​ឆ្នាំ​ពិតមែន តែ បញ្ញា ត្រូវបាន​មហាជន​ភាគច្រើន ស្គាល់​ក្នុង​ជ្រុង​ខុសៗ​គ្នា ដោយ​អ្នកខ្លះ បាន​តាមដាន​គាត់ តាំងពី​ចំណាត់ថ្នាក់ លេខ​២ ក្នុងការ​ប្រឡង​ចម្រៀង​ថ្នាក់ជាតិ តាំងពី​ឆ្នាំ ២០១១ មកម្ល៉េះ ហើយ​អ្នក​ខ្លះទៀត បាន​ស្គាល់ “​បញ្ញា​” ពេល​គាត់​បាន​នាំយក​ចម្រៀង​និពន្ធ​ថ្មី ទៅកាន់​ឆាក​អន្តរជាតិ ចំនួន ២ ដង និង​ឈ្នះ​ពានរង្វាន់ ពី​ព្រះមហាក្សត្រ​ថៃ​ម្ដង គឺ​លើកទីមួយ ចំណាត់ថ្នាក់​ជា អ្នកចម្រៀង​ដែលមាន​សម្លៀកបំពាក់ ស្អាត​ជាងគេ នៅ​អាស៊ី នៅ​ទីក្រុង​ចុង​ជី​ង ប្រទេស​ចិន ក្នុង​កម្មវិធី Fashion Asian Awards: The Top Fashionable Singer 2014 ដោយ​កាលនោះ បញ្ញា បាន​ស្លៀក​សម្លៀកបំពាក់​ក្បិន លាយ​ជាមួយ​អាវធំ ហើយ​ទី​ពីរ គឺ​ការចូលរួម​ផ្ដល់​កិត្តិយស ច្រៀង​តំណាង​ជាតិ តាមរយៈ​រាជរដ្ឋាភិបាល កម្ពុជា នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​កម្ម​វី​ធី China Asian Friendship Concert 2014 និង​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​ការទទួល​ពានរង្វាន់​អ្នកនិពន្ធ​វ័យក្មេង​អាស៊ាន S.E.A Write នា​ប្រទេស​ថៃ ពី​ព្រះមហាក្សត្រី​ថៃ សារិន​ថន នា​ឆ្នាំ ២០១៤ ។​
​ ​
​ក្នុង​ស្រទាប់​យុវវ័យ “​បញ្ញា​” ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ស្នាដៃ​ចម្រៀង និពន្ធ​ថ្មី​របស់ខ្លួន ដូចជា​បទ Forever Alone, ម្ចាស់​គ្រង​សុបិន​ស្នេហ៍​, Will You Be My Girl ។​ល​។ និង​ការសម្ដែង​រួមគ្នា ជាមួយ​ដៃគូ កញ្ញា អ៊ីង អ៊ីង ក្នុង​បទ ពីរ​នាក់​បាន​ហើយ ពិសេស​គឺ​ស្ព​ត​ពាណិជ្ជកម្ម​នានា​។ លើសពីនេះទៅទៀត​នោះ បញ្ញា ក៏​ត្រូវបាន​អ្នកគាំទ្រ​វ័យ​ចំណាស់​មួយចំនួន បាន​និយម​ពេញចិត្ត​សំឡេង របៀប​ជំនាន់​លោកតា ស៊ីន ស៊ី​សាមុត ផងដែរ​។​
​ ​
​នៅមាន​ស្នាដៃ​ជាច្រើន​ទៀត ដែល​ទស្សនិកជន ត្រូវបាន​ស្គាល់​ក្នុង​ជ្រុង​ខុសៗ​គ្នា​បែបនេះ ប៉ុន្តែ​ថា​តើ ស្នាដៃ​ដែល​ត្រៀម​ចេញ ពិសេស​ចម្រៀង​បទ ”​សន្យា​” ដែល​សហការ​នឹង​ក្រុម​ផលិត​ចម្រៀង​ថ្មី Plugger នេះ អាច​នឹង​ឆក់យក​បេះដូង​យុវវ័យ ដូច​កាលពីមុនៗ បាន​ទៀត​ទេ​? សូមកុំ​ភ្លេច ចូលរួម​ទស្សនា​រឿង ”​កិច្ចសន្យា​ស្នេហ៍ Tom and Jerry” ទាំងអស់គ្នា​នៅ​គ្រប់​រោងកុន​ទំនើបៗ​ទាំងអស់​នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៩ ខែកុម្ភៈ នេះ​តទៅ​៕ ដោយ​៖ បូ​រិ​ន​