ម៉ា ច័ន្ទ​បញ្ញា មាន​ពីរ​បទ​ចេញ​សម្រាប់​អបអរ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ

280

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ទើបតែ​បញ្ចប់​ស្នាដៃ​ភាពយន្ត​រឿង “​កិច្ចសន្យា​ស្នេហ៍ ឬ Tom And Jerry” កាលពី​ថ្ងៃទី​៦ កុម្ភៈ ឆ្នាំ​២០១៨​កន្លងមកនេះ បទ​ថ្មី​ចំនួន​ពីរ​បទ​ថ្មី​ទៀត​សម្រាប់​អបអរ​ចូលឆ្នាំថ្មី​ឆ្នាំចរ​របស់ ម៉ា ច័ន្ទ​បញ្ញា ទទួល​ការគាំទ្រ និង ការពេញចិត្ត​ពី​សំណាក់​យុវវ័យ និង​អ្នក​ស្រលាញ់​ចូលចិត្ត​ជាច្រើន​លើ​បណ្តាញ​សង្គម និង Youtube​។

​រយៈពេល​បី​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ត្រូវបាន​ប្រជាពលរដ្ឋ​ចូលរួម​អបអរ និង​រៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​យ៉ាង​សប្បាយ​នោះ តារាចម្រៀង​លោក ម៉ា ច័ន្ទ​បញ្ញា បាន​បង្ហោះ​បទ​ចម្រៀង​ថ្មី​របស់លោក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង Youtube ដោយ​ទទួល​ការគាំទ្រ​ជាខ្លាំង និង​ពេញចិត្ត​។

​បទ​ថ្មី​របស់លោក​ចំនួន​ពីរ​បទ​មាន​ចំណងជើង​ថា “​ទេពធីតា​ឋានកណ្តាល​” និង “​ប្រដាល់សេរី ឬ សុភាព​ចេះ​ដាល់​” ទទួល​ការពេញចិត្ត និង នាំ​ចែកចាយ​បន្ត​គ្នា​ស្តាប់​ក្នុងអំឡុងពេល​អបអរ​ចូលឆ្នាំថ្មី​ឆ្នាំច ប្រពៃណីជាតិ​។ បទ​របស់លោក​នេះ ត្រូវបាន​អ្នកគាំទ្រ​ពេញចិត្ត និង​សរសើរ​ថា​ជា​បទ​ថ្មី Original Song ដែល​ល្អ​។

​លោក ម៉ា ច័ន្ទ​បញ្ញា បាន​ប្រាប់​រស្មី​កម្ពុជា​កាល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ ឱ្យដឹងថា បទ​ថ្មី​ទាំងពីរ​បទ​នេះ លោក​បាន​ត្រៀម​ទុកជា​យូរ​មកហើយ​សម្រាប់​អបអរ​ចូលឆ្នាំថ្មី​នេះ ហើយ​បទ​នេះ​លោក​សារភាពថា លោក​និពន្ធ​ឡើង​តាម​លំនាំ​ដើម មិនមែនជា​បទ Original Song ឡើយ​គ្រាន់តែ​ជា​បទ Cover ឡើង​ថ្មី​សម្រាប់​អ្នកគាំទ្រ​ប៉ុណ្ណោះ​។

​តារាចម្រៀង​ប្រុស​សង្ហា​រូបនេះ​បាន​បញ្ជាក់ថា តាមពិត​លោក​មាន​គម្រោង​ធ្វើ​បទ Original Song មួយ​បទ ហើយ​បទ Cover ចំនួន​ពីរ​បទ ប៉ុន្តែ​ដោយសារតែ​លោក​មមាញឹក​ការងារ​ថ្មី​ជាច្រើន ទើប​មិនអាច​សម្រេច​បទ Original Song ឱ្យទាន់​តាម​ពេលវេលា​។ ដូច្នេះ​កុំឱ្យ​ខកខាន និង ស្ងាត់​សម្រាប់​រដូវ​បុណ្យ​ឆ្នាំ​ថ្មី​នោះ លោក​ក៏​បញ្ចេញ​បទ​ពីរ​នេះ​ជាមុនសិន​។ លោក​ក៏​សូម​អគុណ​ដល់​អ្នកគាំទ្រ​ដែល​បាន​ស្តាប់ និង​ពេញចិត្ត​បទ​របស់លោក ហើយ​លោក​សូមឱ្យ​យុវវ័យ​ដែល​ពេញចិត្ត​បទ Original Song នោះ​សូមមេត្តា​រង់ចាំ​បន្តិច​សិន លោក​នឹង​ប្រញាប់​ធ្វើ​បទ​ថ្មី​ចេញ​នាពេល​ខាងមុខនេះ​៕