ម៉ិ​ក​ស៊ិ​កថា​បើ​លក់​ចេញ​យន្តហោះ​ប្រធានាធិបតី​បានសម្រេច នឹង​បាន​លុយ​យកមក​ទប់​ទល់នឹង​អន្តោប្រវេសន៍​ខុសច្បាប់​

154
ចែករម្លែក

ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក អង់​ដ្រេ ម៉ា​នូ​អែល ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ បាន​សន្យា​ប្រើប្រាស់​ប្រាក់ចំណេញ​ពី​ការលក់​យន្តហោះ​ប្រធានាធិបតី​របស់លោក​ដើម្បី​ផ្តល់​មូលនិធិ​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​អន្តោប្រវេសន៍​ខុសច្បាប់​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ម៉ិ​ក​ស៊ិ​ក​និង​អាម៉េរិក​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចៀស​ការដំឡើង​ពន្ធ​របស់​អាម៉េរិក​ជា​ថ្នូរ​ឱ្យ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ខ្នះខ្នែង​បន្ថែមទៀត​ដើម្បី​បញ្ឈប់​ការធ្វើ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​នៅ​អាម៉េរិក​កណ្តាល​មកកាន់​សហរដ្ឋ​អាម៉េរិក​។​

​ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់ មេដឹកនាំ​ឆ្វេងនិយម​រូបនេះ​បាន​សន្យា​លក់​យន្តហោះ​និង​ប្រើប្រាស់​លុយ​ដើម្បី​ជួយ​ដល់​សហគមន៍​ក្រីក្រ​។​

​លោក​បាន​និយាយថា តម្លៃ​ប៉ាន់ស្មាន​នៃ​យន្តហោះ Boeing 787 Dreamliner គឺ ១៥០ លាន​ដុល្លារ​។​

​ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៨ លោក ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ បាន​សន្យា​លក់​យន្តហោះ​ប្រធានាធិបតី ដែល​ទិញ​ក្នុងតម្លៃ​ដើម ២១៨ លាន​ដុល្លារ​។​

​គាត់​បាន​ប្រាប់​ពួក​អ្នកគាំទ្រ​ថា ​គាត់​នឹង​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃ​ជំនួស​វិញ ហើយនឹង​រក្សា​ការសន្យា​លក់​វា​ចោល គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ចូលកាន់​តំណែង​។​

​យន្ដហោះ​នេះ​ត្រូវបាន​ដាក់លក់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​កំពុង​ដាក់​នៅ​ឃ្លាំង​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ម៉ិ​ក​ស៊ិ​ក​ក៏​កំពុង​ស្វះស្វែង​លក់​យន្តហោះ​ដឹកទំនិញ​របស់​រដ្ឋាភិបាល​ចំនួន ៦០ គ្រឿង​និង​ឧទ្ធម្ភាគចក្រ ៧០ គ្រឿង​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​អូ​ប្រា​ដ័​រ​នឹង​យកលុយ​បាន​ពី​ការលក់​យន្តហោះ​ប្រធានាធិបតី​មក​ផ្តល់​មូលនិធិ​ក្នុងការ​ទប់ស្កាត់​អន្តោប្រវេសន៍​ខុសច្បាប់