ម៉ិ​ក​ស៊ិ​ក​ប្រកាសថា​ខ្លួន​បញ្ជូន​ទ័ព ១៥.០០០ នាក់​ទៅ​ព្រំដែន​អាម៉េរិក​ដើម្បី​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ដែល​ព្យាយាម​ឆ្លង​ព្រំដែន​

422
ចែករម្លែក

​ម៉ិ​ក​ស៊ិ​កបាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា​ថា ខ្លួន​បានដាក់​ពង្រាយ​កងទ័ព​ចំនួន ១៥.០០០ នាក់​ទៅ​ព្រំដែន​ភាគ​ខាងជើង​របស់ខ្លួន​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​បញ្ឈប់​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឆ្លង​ចូល​ទឹក​អាម៉េរិក​។​

​មេបញ្ជាការ​កងទ័ព​បា​ន​និយាយថា ទាហាន​និង​ឆ្មាំ​ជាតិ​កំពុង​ឃុំខ្លួន​ជនអន្តោប្រវេសន៍ ដែល​ប៉ុនប៉ង​ចូលទៅ​សហរដ្ឋ​អាម៉េរិក​ដោយ​ខុសច្បាប់​។​

​ម៉ិ​ក​ស៊ិ​ក​ត្រូវបាន​ជំរុញ​ដោយ​លោក​ត្រាំ​ដើម្បី​ពន្យឺត​លំហូរ​នៃ​ជនជាតិ​អាម៉េរិក​កណ្តាល នៅពេលដែល​តំណាង​មកពី​ប្រទេស​ទាំង​ពីរបាន​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ដើមខែ​នេះ​។​

​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​សន្យា​ពង្រឹង​ព្រំប្រទល់​ខាងត្បូង​របស់ខ្លួន​ជាមួយ​ប្រទេស​ក្វា​តេ​ម៉ា​ឡា​តាមរយៈ​ការបញ្ជូន​សមាជិក​ឆ្មាំ​ជាតិ​ដែល​ទើប​បង្កើត​ថ្មី​ចំនួន ៦.០០០ នាក់ ប៉ុន្តែ​មិនទាន់​បានបង្ហាញ​ពី​វិសាលភាព​នៃ​ការបង្ក្រាប​នៅតាម​ព្រំដែន​ភាគ​ខាងជើង​របស់ខ្លួន​ទេ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​លោក ល្វី​ស ក្រេ​សិន​ស៊ីអូ សាន់​ដូ​វ៉ាល់ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក​ប្រធានាធិបតី​អង់​ដ្រេ ម៉ា​នូ​អែល ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ ថា “​យើង​មានការ​ដាក់ពង្រាយ​សរុប​រវាង​កង​ឆ្មាំ​ជាតិ​និង​អង្គភាព​កងទ័ព​ចំនួន ១៤.០០០ នាក់ ពោលគឺ​ជិត ១៥.០០០ នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​”​។​

​លោក​សាន់​ដូ​វ៉ាល់​បាន​អះអាងថា​កងកម្លាំង​ទាំងនោះ​កំពុង​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ដើម្បី​រារាំង​ពួកគេ​កុំឱ្យ​ឆ្លងកាត់​ព្រំដែន មុនពេល​ដាក់​ពួកគេ​នៅក្រោម​ការឃុំ​ឃាំង​របស់​វិទ្យាស្ថាន​អន្តោប្រវេសន៍​ជាតិ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​ម៉ិ​ក​ស៊ិ​ក​ព្យាយាម​ចាប់​ជនអន្តោប្រវេសន៍ ដែល​ប៉ុន​ប៉ុន​ឆ្លង​ចូល​ទឹកដី​អាម៉េរិក