ម៉ឺន មេ​ឃា តស៊ូ​ជាមួយ​អ៊ីរ៉ង់ ឯ រឿង សា​រ័ត្ន ជួប​ឡាវ​

479
ចែករម្លែក
  • 7
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក របស់​អាស៊ីអាគ្នេយ៍ នៅ​យប់​ថ្ងៃទី​១២ មករា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា ម៉ឺន មេ​ឃា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ដែលជា​កូនប្រុស របស់​អេ​ភូ​ថង ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ រ៉េ​ហ្សា ឌី​វ​ស៊ូ​រ៉ា​ទី (Reza Divsourati) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​មេ​ឃា មិនសូវ​មានឱកាស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ច្រើន​ទេ តែ​ការប្រកួត​របស់គេ ជាមួយ​បរទេស ភាគច្រើន បានទទួល​ជ័យជំនះ ។ មេ​ឃា​មាន​ស្នៀត កណ្ដាប់ដៃ​ល្អ ធ្ងន់ រហ័ស តែ​គេ​ហាក់ដូចជា ឆាប់​ហត់ និង មិនសូវ​ពូកែ​ជង្គង់​ណាស់ណា​ទេ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៣០​ដង ឈ្នះ​២៦​ដង និង​ចាញ់​៤​ដង ។​

ម៉ឺន មេ​ឃា និង រ៉េ​ហ្សា ឌី​វ​ស៊ូ​រ៉ា​ទី​

​ចំពោះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ រ៉េ​ហ្សា ឌី​វ​ស៊ូ​រ៉ា​ទី វិញ គេ​ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ អ្នក​ប្រដាល់​រូបនេះ ហ្វឹកហាត់ នៅ​ក្លិប​មួយ ក្នុង​ស្រុកថៃ ហើយ​មិនមាន​នរណា​ដឹងថា គេ​ខ្សោយ ឬ​ខ្លាំង​នោះដែរ តែ​កន្លងមក អ្នក​ប្រដាល់​អ៊ីរ៉ង់ ដែល​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ច្រើនតែ​គ្រាន់បើ ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៧​ដង ឈ្នះ ១៤​ដង និង​ចាញ់​៣​ដង ។ ជំនួប​មួយ​នេះ មិនដឹងថា ម៉ឺន មេ​ឃា​ឈ្នះ ឬ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ឈ្នះ​នោះឡើយ​។​

​រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដែល​បាត់​មុខ ពីស​ង្វៀន​អាស៊ីអាគ្នេយ៍ មួយរយៈ​នោះ បានបង្ហាញ​ខ្លួន​ឡើងវិញ ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ឡាវ ថាវ ថាំង​ឌី (Thav Thangdy) គេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

​មុន​បាត់​មុខ សា​រ័ត្ន ជួប​បរាជ័យ លើស​ង្វៀន​ផ្ទួនៗ​ពេក ទើប​អ្នក​ផ្គូរ​ផ្គង រារែក​ចិត្ត ក្នុងការ​ប​ញ្ជូ​ល​ឈ្មោះ​របស់គេ ទៅក្នុង​បញ្ជី​ចាប់​គូ​នោះ ។ តាមពិត អ្នក​ប្រដាល់​រូបនេះ វ៉ៃ​ល្អ តែ​ពេល​ជួប​ជាមួយ អ្នក​ប្រដាល់​បរទេស គេ​ហាក់ដូចជា វ៉ៃ​ខ្លាច​គូប្រកួត​ទៅវិញ ។ សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៤​ដង ឈ្នះ​៦២​ដង ចាញ់​១៨​ដង និង​ស្មើ​៤​ដង ។

​ចំពោះ​អ្នក​ប្រដាល់​ឡាវ ថាវ ថាំង​ឌី វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ កំណត់ត្រា​ប្រកួត​របស់គេ ល្អ ព្រោះ​ក្នុង​ប្រវត្តិ​ប្រកួត​៥៤​ដង គេ​ឈ្នះ​៥០​ដង និង​ចាញ់ ៤​ដង​ប៉ុណ្ណោះ ។ ជំនួប​នេះ នរណា​ឈ្នះ ?​។​

​រឿង សា​រ័ត្ន និង ថាវ ថាំង​ឌី​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ លី តឿន ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ង៉ែត វុ​ធ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ ឆាយ មាស ក្លិប​សំរោង​កោង ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v