ម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរពីរ២នាក់

858
ចែករម្លែក

(កណ្ដាល)៖គ្រោះថ្នាក់ចរាចរមួយរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យបុរសពីរ២នាក់រងរបួសធ្ងន់ធ្ងរ។ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុង ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាលកាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្ដាល 1I-7894 បើកបរដោយឈ្មោះ ស៊ាន ភី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកសិក្សាអប់រំស្រុកកោះធំ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសធ្ងន់) ។

ចំណែកអ្នកបើកបរម៉ូតូម្ខាងទៀតឈ្មោះ ធី ចាន់ ថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ធុនសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-0845 (រងរបួសធ្ងន់) ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម បើកបរតាមបណ្ដោយផ្លូវជាតិលេខ២១ពីជ្រៃធំឆ្ពោះទៅក្រុងតាខ្មៅលុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបង្កបានបន្ថែមល្បឿនរួចគេចពីរថយន្ដដែលចតក្បែរចិញ្ចើមផ្លូវដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿងទទួលរងរបួសធ្ងន់តែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងបួសទាំង២នាក់ត្រូវរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្ត៕S/ដោយ៖ហូសាន់

ម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរពីរ២នាក់(រូប៖វ៉េបសាយ)