ម៉ូតូ​កង់​បី​បើក​ឆ្លង​ទទឹងផ្លូវ ម៉ូតូ​សេ​១២៥​បើក​ទៅ​គេច​មិនទាន់ បុក​គ្រាំង​ក្រឡាប់​ផ្ងារជើង​

794
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​មួយគ្រឿង អ្នកបើកបរ​ដូចជា​ខ្វះ​ការយោគយល់ បើក​ឆ្លងកាត់​ទទឹងផ្លូវ​ក្នុងស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ ធ្វើ​ឲ្យ​ម៉ូតូ​សេ​១២៥ បើក​ទៅ​គេច​មិនទាន់​ជ្រុល​បុក​ក្រឡាប់​ផ្ងារជើង រងរបួស​ម្នាក់ បាក់​ក្តោងច្រមុះ ចំណែក​អ្នកបើក​ម៉ូតូ​កង់​បី មិនមាន​រងរបួស ស្ទុះ​ងើប​រត់គេច​ទៅ​បាត់ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ មុខ​ច្រកចូល​បុរី ប៊ុន ហួរ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ភាគី​ខាង​ម៉ូតូ​កង់​បី ឡាំ​ប្រ៊ុ​យ​តា ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ រត់គេចខ្លួន​បាត់ ក្រោយ​កើតហេតុ ។ ចំណែក ភាគី​ម៉ូតូ ហុងដាឌ្រីម សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-0193 បើកបរ​ដោយ​យុវជន​ម្នាក់ អាយុ​២១​ឆ្នាំ មុខរបរ ជា​អាជីវករ លក់​គ្រឿងបន្លាស់​ម៉ូតូ មាន​ទីលំនៅ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រងរបួស​បែក​មុខ បាក់​ក្តោងច្រមុះ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ ទើបតែ​វិលត្រឡប់​មកពី ផ្ទះ​មិត្ត​ភ័​ក្រ នៅ​ភូមិ​ក្រាំង​ដូន​ទៃ គោលបំណង​ជិះ​ឆ្ពោះ​ទៅផ្ទះ ដោយ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​កង់​បី គ្រាន់តែ​ក្រឡេកឃើញ​ម៉ូយ នៅ​ផ្លូវ​ម្ខាង​ភ្លាម បើក​ឆ្លងផ្លូវ ទាំង​តក់ក្រហល់ មិន​យោគយល់ គិតពី​យាន​ផ្សេងៗ បោះពួយ​ចេញពី​ផ្លូវ​បុរី​ប៊ុន ហួរ ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច​វឹង ធ្វើ​ឲ្យ ម៉ូតូ​ជនរងគ្រោះ ជិះ​ពី​ត្បូង​ទៅ​ជើង ហ្វ្រាំង​មិនទាន់ គេច​ក៏​មិន​ផុត ជ្រុល​ទៅបុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​ម៉ូតូ​កង់​បី​ផ្ងារជើង រងរបួស​ខាង ម៉ូតូ​សេ​១២៥ ចំណែក អ្នកបើកបរ​ម៉ូតូ​កង់​បី មិនមាន​រងរបួស បាន​ស្ទុះ​ងើប​រត់​គេចខ្លួនបាត់ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន រថយន្ត​សង្គ្រោះ របស់​អង្គភាព​៧១១ ចេញទៅ​ជួយ​ជូត​លាង របួស តែ​ជនរងគ្រោះ សុំ​មិន​ទៅ​ពេទ្យ រងចាំ​ក្រុមគ្រួសារ មក​ដឹក​បញ្ជូនទៅ​ពេទ្យ​ដោយ​ខ្លួនឯង​វិញ ។ រីឯ ម៉ូតូ​កង់​បី ក្រោយ​ម្ចាស់​រត់ចោល​បាត់ សមត្ថកិច្ច​ចុះទៅ​វាស់វែង រួច យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ រួមជាមួយ​ម៉ូតូ របស់​ជនរងគ្រោះ​ផងដែរ រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​B/