ម៉ូតូ​ទើបនឹង​ទិញ​បង់​រំ​លោះ​ថ្មីៗ​ត្រូវ​ចោរ​គាស់​ទ្វារ​យកទៅ​បាត់​

658
ចែករម្លែក

​ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ នារី​ម្នាក់​ទុក​ម៉ូតូ​ទើបនឹង​ទិញ​បង់​រំ​លោះ​បាន​មួយអាទិត្យ​ ហើយបានទុកចោល​ក្នុងបន្ទប់ រួចចេញទៅ​ទិញ​របស់ញ៉ាំនៅ​ខាងក្រៅ ជា​មិត្ត​ភ​ក្តិ មួយ​ភ្លែត ត្រលប់​មកវិញ​ត្រូវ​ក្រុមចោរ​គាស់​ទ្វារ​លួច​ម៉ូតូ នឹង​សម្ភារៈ​មានតម្លៃ​មួយចំនួន​ចេញទៅ​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩ ខែវិច្ឆិកា នៅ​បន្ទប់​ជួល ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។​

ជនរងគ្រោះ ដែលត្រូវចោរគាស់បន្ទប់លួចយកម៉ូតូ

​ជនរងគ្រោះ​ឈ្មោះ ម៉ា​នី អាយុ២២​ឆ្នាំ ភេទ​ស្រី​មុខរបរ​បុគ្គលិក ក្រុមហ៊ុន vivo ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ហើយ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន​លុយ​មួយចំនួន នឹង ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ ២០១៩ ពណ៌​ស ទើបនឹង​ទិញ​បង់​រំ​លោះ​បាន​១​អាទិត្យ​ប៉ុណ្ណោះ មាន​ស្លាក​លេខ ភ្នំពេញ 2683 គាត់​មិន​ចាំ​អក្សរ​នៅខាងមុខ​ស្លាក​លេខ​នោះទេ ព្រោះ​ម៉ូតូ​ទើបនឹង​ទិញ ហើយ​កាត​គ្រី​នៅ​ក្រុមហ៊ុន​ទុក​ទៀត​។

​នារី​រងគ្រោះ​បាន​ប្រាប់ឲ្យដឹងថា មុន​កើតហេតុ​គឺ​គាត់​បាន​ចេញទៅ​ក្រៅ​ចូលរួម​កម្មវិធី​មិត្ត​ភក្ដិ តាំងពី​ម៉ោង​៧​យប់​ថ្ងៃទី​៨ ខែវិច្ឆិកា​ដោយ​ទុក​ម៉ូតូ​នៅក្នុង​បន្ទប់​ជួល ចាក់សោរ​បន្ទប់​ទុកចោល រហូតដល់​ម៉ោង​១២ រំលង​អធ្រាត្រ​​គាត់​បាន​ត្រលប់​មកវិញ​ឃើញ ម៉ូតូ​នៅក្នុង​បន្ទប់​ធម្មតា​ទេ។ លុះដល់​ម៉ោង​កើតហេតុ គាត់​ឃ្លាន​ញាំ​បាយ ក៏​បិទទ្វារ​ទុក​ម៉ូតូ​ក្នុង​បន្ទប់​ម្តងទៀត ហើយ​ចេញ​ទៅរក​ទិញ​អី​ញាំ​នៅ​ខាងក្រៅ ក៏ត្រូវ​ក្រុមចោរ​ឈ្លៀត ឱកាស​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​បន្ទប់ ចូល​រុះរើ​របស់របរ​ក្នុង​បន្ទប់​យកប្រាក់​មួយចំនួន នឹង​ម៉ូតូ​ទើបនឹង​បង់​រំ​លោះ​បាន​មួយអាទិត្យ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​រំលង​បាន​ប្រមាណ​ជា​១៥​នាទី គាត់​ត្រឡប់មកវិញ ឃើញ​ទ្វារ​បន្ទប់​ចំហរ ក៏​សង្ស័យ​រត់​ស្ទុះ​ទៅ​មើល​ក្នុង​បន្ទប់ ឃើញ​សភាព​រាយប៉ាយ ហើយ​បាត់​ម៉ូតូ​ទើបនឹង​ទិញ​ទៀត ធ្វើ​ឲ្យ​គាត់​ហួសចិត្ត​យ៉ាងខ្លាំង ក៏បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជា​ប់ន្ទប់​បាន​ត្រឹម​ចេញ​ជួយ​មើល នឹង​ជូនទៅ​ដាក់​ពាក្យ​បណ្តឹង​តែប៉ុណ្ណោះ​។

​ប្រភព​ដដែល​បញ្ជាក់ថា នៅផ្ទះ​ជួល​ខាងលើ​នោះ​ឧស្សាហ៍​មាន​ចោរ​ចូល​គាស់​បន្ទប់​លួច​ទ្រព្យសម្បត្តិ ច្រើន​ដង​មកហើយ មិនដឹង​ជា​ចោរ​បាន​សោរ​របង​ផ្ទះ​មកពីណា​ចាក់​ចេញចូល​បាន​ស្រួល​ម្លេះ ព្រោះ​មានតែ​អ្នក​នៅ​ក្នុង​​ផ្ទះ​នោះ​ប៉ុណ្ណោះ​ទើប​មាន​សោរ​បង​ផ្ទះ ហើយ​នៅពេល​មាន​បញ្ហារ​អ្នករស់នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​សុំ​ម្ចាស់​ផ្ទះ ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆែក​ឲ្យមើល​ទេ មិនដឹង​ជា​គាត់​មាន​មូលហេតុ​អ្វី​។

​ក្រោយ​កើតហេតុ នារី​រងគ្រោះ​បានត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​ទី​១ តែប៉ុណ្ណោះ ទាំង​មិន​សង្ឃឹមថានឹង​បាន​ម៉ូតូ​ត្រលបមកវិញ​នោះទេ​៕​B/