ម៉ូតូ​បុក​គ្នា​ស្លាប់​បីនាក់​នៅនឹង​កន្លែង ព្រះសង្ឃ​ពីរ​អង្គ​របួសធ្ងន់​

444
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប ​៖ ​មនុស្ស​ចំនួន៣​នាក់ បាន​ស្លាប់​នៅ​កន្លែង ឯ​ព្រះសង្ឃ​២​អង្គទៀត បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​។ ហេតុការណ៍​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃទី​៩ ​ខែសីហា ​ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ។​

មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ម៉ូតូ​និង​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា​។​ម៉ូតូ​ទី​១ ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លាក​លេខ ភ្នំពេញ​:១CE:៧៧៨៤ បើកបរ​ដោយ​ឈ្មោះ នី យ៉ែ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ ទិសដៅ​ពី​កើ​តទៅ​លិច​(​ស្លាប់​)​។ រួម​ដំណើរ​ដោយ​ព្រះសង្ឃ​២​អង្គ គឺ១.​ភិក្ខុ ហ៊​ន យុក ព្រះជន្ម​២២​វស្សា ស្រុកកំណើត ខេត្តតាកែវ​(​របួសធ្ងន់​)​ និង២.​សាមណេរ ម៉េង ចិន្ដា ព្រះជន្ម​១៥ វស្សា ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​(​របួស​ធ្ងន់ធ្ង​)​។ ​ព្រះសង្ឃ​ទាំងពីរ​អង្គ​គង់នៅ​វត្តបន្ទាយក្ដី ស្ថិត​ក្នុងភូមិ​ស្រះស្រង់​ត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ។​ចំណែក​ភាគី​ម្ខាង​ទៀត​ម៉ូតូ​ទី​២ ម៉ាក​zoomer x ពណ៌​ខ្មៅ​-​ស ពាក់​ផ្លាលេខ សៀមរាប​១z:៧២៤២ បើកបរ​ដោយ​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ ទិសដៅ​ពី​លិចទៅ​កើត​(​ស្លាប់​ទាំងពីរ​នាក់​)​។​

បើតាម​ការបញ្ជាក់​ពីមន្ត្រី​នគរបាល ក្រោយ​កើតហេតុ សាកសព​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ទាំងពីរ​នាក់ ត្រូវ​ដឹកយក​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ ដោយឡែក​សាកសព​ម្នាក់​ទៀត ​ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ខេត្តតាកែវ​។ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវបាន​នគរ​បាលច​រាច​រណ៍ ដឹក​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​B/Ha