ម៉ូតូ​បុក​ម៉ូតូ​របួស​មនុស្ស​២​នាក់​នៅ​ស្រុក​ភ្នំព្រឹក​

275

(​បាត់ដំបង​)៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​និង​ម្នាក់​រងរបួស​មធ្យម ដោយ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​គូទ​ម៉ូតូ​១​គ្រឿង​ទៀត​នៅ​ចំណុច​ស្ពាន​អូរ​តា​សុខ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧B ស្ថិតក្នុង​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​។​

​លោក គង់ មនោ​រុន អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹងថា អ្នករបួសធ្ងន់​ឈ្មោះ វ៉ាន់ មាន​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ចំណែក​អ្នករបួស​មធ្យម​ឈ្មោះ គា សេង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក​។​

​លោក​អធិការរង​បាន​ដកស្រង់​សំដី​សាក្សី​មក​បញ្ជាក់ថា មុនពេល​កើតហេតុ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សង់ C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​បាត់ដំបង 1W 1078 បើកបរ​យ៉ាង​លឿន ពី​ទិស​ខាង​លិចទៅ​កើត​ហើយ​បាន​ទៅបុក​គូទ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ C100 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​០៨ ពាក់​ស្លាក​លេខ បាត់ដំបង 1H 6207 បណ្តាល​ឲ្យ​ដួល​រដូករណែល​ក្នុងនោះ អ្នកជិះ​ម៉ូតូ​បុក​គេ​របួសធ្ងន់ និង​អ្នក​ត្រូវគេ​បុក​របួស​មធ្យម​។ អ្នក​ទាំងពីរ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​។

​ក្រោយពី​សមត្ថកិច្ច​ចុះ​វាស់វែង និង​ត្រួតពិនិត្យ​កន្លែងកើតហេតុ​រួចមក បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕L ដោយ​៖ គ្រញូង​