ម៉ូតូ​បុក​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​បោក​ក្បាល​ផ្ទប់​នឹង​រថយន្ត​ស្លាប់​ភ្លាម​

995
ចែករម្លែក

ដោយ​: ចាន់តូ / កណ្តាល​: ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បុរស ម្នាក់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយ​បុរស​ម្នាក់​នោះ ជិះ​ម៉ូតូ​មួយគ្រឿង​បុក​រថយន្ត​ដឹក​ទឹកកក ដែល​បត់​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង បោក​ក្បាល​ផ្ទប់​ជាមួយ​រថយន្ត​ឈាម​ហូរ​ដាម​ពេញ​ផ្លូវ​។ ហេតុការណ៍​នេះ កើតឡើង​ការ​ពី​វេលា​ម៉ោង ១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ សៅរ៍ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២១B កែង​និង​ផ្លូវ​១១៣ ភូមិ ថ្មី សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហ៊ី​យិន​ដាយ​មួយគ្រឿង ដឹក​ទឹកកក​ធុន​ធំ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A 0844 បើកបរ​ដោយ​បុរស​ម្នាក់​ចេញពី​ផ្លូវ​លេខ​១១៣ បំណង​ឆ្លងផ្លូវ​ទិសដៅ​ពី​កើត​បត់​ទៅ​ត្បូង ស្រាប់តែ​ពេល​កំពុងតែ​បត់​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ណាយ​ហ៊​ត ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវ​២១B ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក៏បាន​ទៅបុក​រថយន្ត​កំពុងតែ​បត់​យ៉ាង​ពេញ​ទឹ​ហឹ​ង បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែរ​ជា​ម្ចាស់​ម៉ូតូ​នោះ បោក​ក្បាល​ផ្ទប់​នឹង​រថយន្ត​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​

​សាកសព​បុរស​ម្នាក់​នោះ​មានឈ្មោះ លន់ សុភាព អាយុ​ជាង ៣០​ឆ្នាំ ធ្វើការ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ស្នាក់​នៅក្នុង បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ទួល​ក្រសាំង មាន​ស្រុកកំណើត​នៅ ភូមិ​ព្រែក​អ​ញ្ជែ​ញ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​អ្នកបើកបរ​យកមក​សាក​សួរ ហើយ​យក​ម៉ូតូ​នឹង​រថយន្ត​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ រីឯ​សាកសព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព ឲ្យ​ទៅ​សាច់ញាតិ​ដឹង​តាម​រថយន្ត​សា​ម៉ុ​យ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕