ម៉ូតូ​២​គ្រឿង​បុក​គ្នា​រងរបួស​ធ្ងន់​ស្ត្រី​ម្នាក់​បាក់ជើង​ឆ្វេង​

591
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង ខណៈដែល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ត្រូវបាន​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​បុក កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ភ្លាមៗ​ម៉ូតូ​បង្ក មិនមាន​រងរបួស បើក​រត់គេច​ទៅ​បាត់​។​

​ស្ត្រី​រងគ្រោះ ឈ្មោះ ស៊ុ ណាត អាយុ​៥០​ឆ្នាំ បម្រើ​ការងារ នៅ​រោងចក្រ សា​ប្រ៊ី​ណា ស្នាក់នៅ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

​តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គាត់​ជិះ​ម៉ូតូ ចេញពីផ្ទះ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ពី​ត្បូង​ទៅ​ជើង ក្នុង​បំណង​ទៅធ្វើ​ការងារ ហើយ​ខណៈដែល​កំពុង​ឆ្លងផ្លូវ ផុត​ទៅហើយ​បត់​ទៅ​លិច ស្រាប់​តែមាន​ម៉ូតូ សេ​១២៥​មួយគ្រឿង បើក​ល្បឿន​លឿន​ពី​កើ​តទៅ​លិច មក​បុក​ពេញទំហឹង បណ្តាល​ដួល​រងរបួស រីឯ​ម៉ូតូ​បង្ក មិន​ដួល គ្មាន​របួស បាន​បើក​រត់គេច​ទៅ​បាត់ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ របស់​អង្គភាព ៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ម៉ូតូ ក្រុមគ្រួសារ​យកទៅ​ទុក​នៅផ្ទះ ជួសជុល​ខ្លួនឯង ខណៈដែល​ភាគី​ខាង​ទៀត គេច​ទៅ​ចោល​បាត់​៕​