ម៉ូ​ដ្រិ​ច​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​របស់​ពិភពលោក ដោយ​បញ្ចប់​ការ​ប្រជែង​គ្នា​តែ​២​នាក់​រវាង​រ៉ូ​ណា​ល់​ដូ និង ម៉េ​ស​ស៊ី​

816

​ខ្សែបម្រើ លូ​កាស ម៉ូ​ដ្រិ​ច ទីបំផុត​បាន​បំបែក​បាន​ហើយ​នូវ​ភាពខ្លាំង​ខាង​ឈ្នះ​ពានរង្វាន់​ប្រចាំឆ្នាំ​រយៈពេល​១​ទសវត្សរ៍​ដោយ​កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ និង លី​អូ​នែ​ល ម៉េ​ស​ស៊ី ក្រោយពី​ទទួលបាន​ពានរង្វាន់​កីឡាករ​បាល់ទាត់​ពិភពលោក​ឆ្នើម​ប្រចាំឆ្នាំ​របស់​ហ្វី​ហ្វា​ក្នុងឆ្នាំនេះ ខណៈដែល​នាង​ម៉ា​ថា​បានឈ្នះ​ពានរង្វាន់​កីឡាការិនី​បាល់ទាត់​ឆ្នើម​លើក​ទី ៦​។​

​ម៉ូ​ដ្រិ​ច​ត្រូវបាន​បោះឆ្នោត​ជា​កីឡាករ​ល្អ​បំផុត​របស់​ហ្វី​ហ្វា​ក្នុង​រដូវ​កាល ២០១៧-១៨ បន្ទាប់ពី​ឈ្នះ Champions League ជា​លើក​ទី​៤​ក្នុង​៥​រដូវ​កាល​ជាមួយ Real Madrid និង​ដឹកនាំ​ប្រទេស​ក្រូ​អាស៊ី​ឱ្យ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​ជា​លើកដំបូង តែ​ចាញ់​បារាំង​។

​ម៉េ​ស​ស៊ី និង រ៉ូ​ណា​ល់​ដូ គឺជា​ជ័យលាភី​សំខាន់​តែ​២​នាក់​ប៉ុណ្ណោះ​ពី​ពានរង្វាន់​បុគ្គល​របស់​ហ្វី​ហ្វា​ចាប់តាំងពី​ឆ្នាំ ២០០៨ មក ដោយ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ម្នាក់ ៥ គ្រឿង​។

​ម៉េ​ស​ស៊ី​មិនបាន​ជាប់​ក្នុង​បញ្ជី​សម្រិតសម្រាំង​៣​នាក់​ចុងក្រោយ​នោះទេ ហើយក៏​មិនបាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍​នោះដែរ​។ រ៉ូ​ណា​ល់​ដូ​បាន​ជាប់​ក្នុង​បញ្ជី​សម្រាំង​៣​នាក់​ចុងក្រោយ ប៉ុន្តែ​ក៏​មិនបាន​បង្ហាញមុខ​នៅឯ​ពិធី​នោះដែរ ព្រោះ​មិន​ចង់​បាក់មុខ​ក្រោម​ថ្វីដៃ​របស់​អតីត​មិត្ត​រួម​ក្រុម Real Madrid របស់គាត់​។ ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប ម៉ូ​ហា​ម៉ាត់ សាឡា ជាប់​ក្នុង​បញ្ជី​សម្រាំង​៣​នាក់​ចុងក្រោយ​ជា​លើកដំបូង​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លូ​កាស ម៉ូ​ដ្រិ​ច ទីបំផុត​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​របស់​ពិភពលោក