ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ គ្មាន​បំណង​ស្វែងរក​អ្នកចាំទី​ថ្មី​នោះទេ បើទោះបីជា ឡ័​រី​ស ធ្លាក់​ទម្រង់​លេង​

209
ចែករម្លែក

​ក្លឹប Tottenham គ្មាន​ផែនការ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​អ្នកចាំទី​ជម្រើស​ទី​១​ថ្មី​ទៀត​ទេ នៅ​រដូវក្តៅ​នេះ​។ ហ៊ូ​ហ្គោ ឡ័​រី​ស (Hugo Lloris) ប្រធាន​ក្រុម Spurs ត្រូវបាន​គេ​ចាត់ទុក ជា​ជម្រើស​ទី​១ របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ប៉ុន្តែ​រង​ការ រិះគន់​ខ្លាំង​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​សាង​កំហុស​ជា​បន្តបន្ទាប់​។​

​ទម្រង់​លេង​របស់ ឡ័​រី​ស បាន​ក្លាយជា​ចំណុច​រិះគន់​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​បង្កើត កំហុស ផ្តល់​កាដូ​ឲ្យ​ក្រុម Liverpool នៅ​នាទីចុងក្រោយ អំឡុង​ការប្រកួត​នៅ​ពហុ កីឡាដ្ឋាន Anfield ។ ប៉ុន្តែ​គេ​ជឿថា បច្ចុប្បន្ននេះ ក្លឹប​នេះ គ្មាន​បំណង​ផ្ទេរ​អ្នកចាំទី ថ្មី​នោះទេ បើទោះបីជា ឡ័​រី​ស ធ្លាក់​ទម្រង់​លេង​ក៏ដោយ​។

​លោក ប៉ូ​ចេ​តទី​ណូ និង​ក្រុមការងារ​របស់​ក្លឹប​ផ្តល់​អាទិភាព​តំណែង​ផ្សេងទៀត​ក្នុងការ ពង្រឹង​ក្រុម​នៅ​រដូវក្តៅ​នេះ​។ ក្លឹប​Tottenham ចង់បាន​ខ្សែបម្រើ​ថ្មី​ពីររូប​ផ្សេងទៀត​នៅ​រដូវ ក្តៅ​នេះ ជាពិសេស​ប្រសិនបើ ពួកគេ​អាច​លក់​កីឡាករ វី​ច​ទ័​រ វ៉ាន​យ៉ាម៉ា (Victor Wanyama) ចេញ​បាន​។​

​លោក ប៉ូ​ចេ​តទី​ណូ ក៏​ចង់​បន្ថែម​កីឡាករ​មាន​សមត្ថភាព​ម្នាក់ ដើម្បី​គាំទ្រ​ដល់​កម្លាំង ប្រយុទ្ធ ស្របពេល​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ទំនងជា​ត្រូវ ចាកចេញ ខណៈ​ពួកគេ​ជាប់គាំង​ក្នុង​កិច្ចចរចា​បន្ត​កិច្ចសន្យា​ថ្មី ស្របពេល​កីឡាករ​រូបនេះ នៅសល់​កិច្ចសន្យា​រយៈពេល​មួយឆ្នាំ​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ