ម៉ូ​ហា​ម៉េ​ដ សាឡា បដិសេធ​ការ​អះអាងថា ខ្លួន​ចង់​ចាក​ចេញពី លី​វឺ​ភូ​ល​

185
ចែករម្លែក

​កីឡាករ​ឆ្នើម ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) អះអាងថា ខ្លួន​ពេញ​ចិត្តនឹង​នៅ​ក្លិប លី​វឺ​ភូ​ល​(Liverpool) បើទោះបីជា​លោក ហ្គែ​រី ណេ​វី​ល (Gary Neville) អះអាងថា សាឡា អាច​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Anfield ក្នុង​រយៈពេល​១២​ខែ​ទៀត​ក៏ដោយ ។

​កីឡាករ​កំពូល​របស់​ក្លិប Liverpool​រូបនេះ​បាន​លើក​ពាន​ស្បែកជើង​មាស​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​ពីរ​រដូវ​កាល​ជាប់​គ្នា ចាប់តាំងពី​ចាកចេញ​ពី​ក្លិប​រ៉ូ​ម៉ា​( Roma) កាលពី​ឆ្នាំ ២០១៧​មក​។

​សាឡា លើក​ពាន​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) កាលពី​យុទ្ធនាការ​ឆ្នាំមុន ហើយ​មិនបាន​គិតថា ចង់​ចាកចេញ​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។

​សាឡា បាន​និយាយថា “​ខ្ញុំ​សប្បាយ​ចិត្តនឹង​នៅ​ជាមួយ​ក្លឹប Liverpool​។ ខ្ញុំ​ពេញចិត្ត​រស់ នៅ​ទីក្រុង​នេះ​។ ខ្ញុំ​ស្រឡាញ់​អ្នកគាំទ្រ ហើយ​ពួកគេ​ស្រឡាញ់​ខ្ញុំ​”​។

​លោក ហ្គែ​រី ណេ​វី​ល បាន​អះអាងថា “​សាឡា​នឹង​ចាកចេញ​ក្នុង​រយៈពេល​១២​ខែ​ទៀត​។ ខ្ញុំ​អាច​មើល​ដឹង​។ ខ្ញុំ​អាច​ដឹងថា វា​នឹង​កើតឡើង​”​។​

​សាឡា បានចាប់ផ្តើម​បង្ហាញមុខ​ក្នុង​បី​ប្រកួត​ដំបូង​របស់​ក្រុម Liverpool ហើយ​ទទួល បាន​ជ័យជម្នះ​ទាំងបី​ប្រកួត ខណៈ​ក្រុម Liverpool យកឈ្នះ​ក្រុម Norwich ៤-១ ឈ្នះ​ក្រុម​ឆេ​ល​ស៊ី​ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​ក្របខ័ណ្ឌ Super Cup និង​ឈ្នះ​ក្រុម Southampton ២-១ កាលពី​ថ្ងៃអាទិត្យ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#