ម៉េសស៊ី និង រ៉ូណាល់ដូ វិលត្រឡប់មកកាន់ការប្រកួត Champions League វិញ

146
ចែករម្លែក
ម៉េសស៊ីនិងរ៉ូណាល់ដូ វិលត្រឡប់មក CL សាជាថ្មី

ការប្រកួតបាល់ទាត់ Champions League ត្រឡប់មកវិញហើយនៅសប្តាហ៍នេះ ជាមួយការប្រកួតជើងទីមួយចំនួន ៤ គូនៅវគ្គ ១៦ ក្រុមចុងក្រោយ។

  • ថ្ងៃអង្គារទី២៥កុម្ភៈ
  • Napoli Vs Barcelona

លីអូនែល ម៉េសស៊ីបានចូលទម្រង់លេងល្អបំផុតរបស់ខ្លួនឡើងវិញហើយ ដោយផ្តល់ឱ្យក្លិប Bareclona នូវក្តីសង្ឃឹមបន្ថែមថាខ្លួននឹងអាចទុកចោលមួយឡែកនូវបញ្ហាក្រៅទីលាន ដែលបានធ្វើឱ្យប៉ះពាល់មុខមាត់ក្លិបនៅឆ្នាំនេះ។

ម៉េសស៊ីបានបញ្ចប់គ្រោះរាំងស្ងួតនៃគ្រាប់បាល់របស់ខ្លួន ដោយស៊ុត៤គ្រាប់តែម្នាក់ឯងក្នុងការប្រកួតឈ្នះលើ Eibar ៥-០ នៅក្នុងលីកកំពូលអេស្ប៉ាញកាលពីថ្ងៃសៅរ៍នៅទឹកដី Camp Nou។

ទាក់ទិននឹងម៉េសស៊ី ខ្សែបម្រើ Barcelona អ៊ីវ៉ាន់ រ៉ាគីទីក និយាយថា “វាជារឿងសំខាន់ដែលគាត់អាចលេងបានក្នុងទម្រង់បំផុតរបស់គាត់។ នៅពេលគាត់លេងបានល្អ វាជារឿងល្អប្រសើរសម្រាប់យើងទាំងអស់គ្នា”។

ជ័យជម្នះ៤លើកជាប់គ្នានៅលីកកំពូលរបស់ Barcelona បានជួយសម្រាលសម្ពាធលើប្រធានក្លិប លោក យ៉ូសេប បាតទូមើ ដែលត្រូវអ្នកគាំទ្រស្រែកចម្អក ចំពេលក្លិបកំពុងជួបវិបត្តិដ៏អាក្រក់បំផុត។ វិបត្តិទាំងនោះរួមមានការដកគ្រូបង្វឹក និង ជម្លោះជាសាធារណៈរវាងកីឡាករនិងនាយកគ្រប់គ្រងក្លិប។

គ្រូបង្វឹកថ្មីលោក គ្វីកេ សេស្ទាន និយាយថា កីឡាករមិនបានបែកអារម្មណ៍ដោយសារតែបញ្ហាទាំងអស់នេះទេ ហើយក្រុមនឹងបន្តសន្ទុះល្អនេះនៅក្នុងការប្រកួតជាមួយ Napoli ដែលឈ្នះ ៦ ក្នុងចំណោម ៧ ប្រកួតចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកឈ្មោះ ជេនណារ៉ូ កាតទូសូ។

  • Chelsea Vs Bayern Munich

គ្រូបង្វឹក Bayern លោក ហានស៊ី ភ្លីក កំពុងពិនិត្យមើលជម្រើសកីឡាករគួរលេងនៅទឹកដី Stamford Bridge ក្រោយឈ្នះ Paderborn ៣-២ កាលពីថ្ងៃសុក្រ បន្តឈរនៅលើកំពូលតារាង Bundesliga។

គាត់បានដាក់កីឡាករឱ្យលេងការពារ ៣ នាក់ គឺ យ៉ូស្វេ គីមមិច លេងនៅកណ្តាល ដេវីត អាល់បា លេងនៅស្តាំ និង លូកាស ហឺណង់ដេស លេងនៅឆ្វេង ប៉ុន្តែហឺណង់ដេសទើបជាសះស្បើយពីរបួសថ្មីៗនេះប៉ុណ្ណោះ។

អាល់ហ្វុនសូ ដេវីស គឺត្រៀមចុះមកជួយហឺណង់ដេស ខណៈអាល់វ៉ារ៉ូ អូឌ្រីអូហ្សូឡា ដែលលេងនៅស្លាបម្ខាងទៀតនឹងចុះមកជួយ អាល់បា។ កាលពីដើមរដូវកាល អូឌ្រីអូហ្សូឡា ដែលផ្ទេរពី Real Madrid លេងមិនបានល្អនោះទេ ដោយទើបតែឡើងជើងថ្មីៗនេះប៉ុណ្ណោះ។

បេនចាមីន ផាវ៉ាដ ដែលជាប់បម្រាមពេលប៉ះជាមួយ Paderborn នឹងត្រឡប់មកជម្រើសដំបូងវិញប៉ះជាមួយ Chelsea ស្របពេលជើរ៉ូម ប៊ូតេង ក៏វិលមកវិញផងដែរដើម្បីពង្រឹងខ្សែការពារ។ ទាំងនីក្លាស ស៊ូឡេ និង ចាវី ម៉ាទីណេស រងរបួសទាំងពីរ។

ខូរិនទីន តូលីសសូ និង ហ្វីលីព ខតធីញ៉ូ បានប្រញាប់ប្តូរចេញពេលប៉ះ Paderborn ប៉ុន្តែទំនងមិនអាចចូលឈុតធំនៅទីក្រុងឡុងដ៍បានទេ ព្រោះ ថូម៉ាស មូលល័រ និង ឃីងស្លី ខូមែន រំពឹងជាប់ជម្រើសច្រើនជាង។

Bayern ចាញ់ Chelsea ដោយបាល់ប៉េណាល់ទីក្នុងទឹកដីខ្លួនឯងក្នុងការប្រកួតបាល់ទាត់ Champions League វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១២។

ម៉ានូអែល នួយអើ ប្រធានក្រុម Bayern រួមជាមួយ មូលល័រ និង បូតេង ដែលជាកីឡាករ Bayern បីនាក់នៅសេសសល់ពីការប្រកួតជាមួយ Chelsea ឆ្នាំនោះនិយាយថា “យើងមិនចាំបាច់និយាយពីវាទៀតទេ”។

ហ្វ្រែង ឡាំផាត បានលេងក្នុងការប្រកួតនោះ និង ឥឡូវជាអ្នកចាត់ការទូទៅរបស់ Chelsea ហើយនឹងដឹកនាំក្រុមប្រកួតវគ្គជម្រុះ CL ជាលើកដំបូង។

  • ថ្ងៃពុធទី២៦កុម្ភៈ
  • Real Madrid Vs Manchester City

គួរនាំគ្នាមើលគូនេះឱ្យបានច្រើន ព្រោះយើងនឹងមិនបានឃើញ Man City លេងនៅ CL ពីររដូវកាលក្រោយនោះឡើយ ដោយសារជាប់បម្រាមរបស់ UEFA។

City ប្តេជ្ញាប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាម២ឆ្នាំពីការប្រកួត CL ដែលដាក់ចេញដោយស្ថាប័នបាល់ទាត់អឺរ៉ុប UEFA ក្រោយក្រុមប្រឹក្សាមួយបានរកឃើញថា City បានរំលោភបំពានបទប្បញ្ញត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងមិនបានសហការជាមួយក្រុមអ្នកស៊ើបអង្កេត។ បើមេធាវីមិនអាចបញ្ច្រាស់នូវបម្រាមនេះបានទេ នោះ City នឹងបាត់មុខពីបាល់ទាត់អឺរ៉ុបរហូតដល់រដូវកាល ២០២២-២០២៣ ហើយពេលនោះក្រុមអង់គ្លេសមួយនេះនឹងមើលទៅខុសគ្នាឆ្ងាយពីពេលនេះ។

នៅពេលនោះប្រហែលជាគ្មានលោកប៉េប ហ្គាឌីអូឡា គ្មានសឺជីអូ អាក្វេរ៉ូ គ្មានដេវីត ស៊ីលវ៉ា ទៀតទេ។ តើនរណាទៅដឹងទៅថា រ៉ាហ៊ីម ស្ទើលីង និង ខេវិន ដេប្រូន នឹងបន្តលេងឱ្យក្លិបឬក៏ដើរចេញ បើគ្មានបាល់អឺរ៉ុបនោះ។

ដូច្នេះ នេះអាចជាឱកាសចុងក្រោយ ដែលលោកប៉េបហ្គាឌីអូឡា ត្រូវធ្វើឱ្យ City ជោគជ័យនៅក្របខ័ណ្ឌអឺរ៉ុប។ ប៉ុន្តែកំណត់ត្រារបស់ City នៅ CL គឺខ្សោយខ្លាំងណាស់ ត្បិតចំណាយលុយយ៉ាងច្រើនលើការប្រកួតនេះក៏ដោយ។

ក្រោមការដឹកនាំរបស់លោកហ្គាឌីអូឡា City បានធ្លាក់នៅវគ្គជម្រុះ ១៦ ក្រុមចុងក្រោយក្រោមថ្វីដៃរបស់ Monaco និង វគ្គ១ភាគ៤ ក្រោមថ្វីដៃរបស់ Liverpool និង Tottenham។ City ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងគត់ក្រោមការដឹកនាំរបស់លោកផេឡេហ្គ្រីនី នៅពេលពួកគេទម្លាក់ Real Madrid ។

អេឌីន ហាហ្សាដ របស់ Real បានប្រេះឆ្អឹងជើងខាងស្តាំកាលពីចុងសប្តាហ៍ ដូច្នេះនឹងមិនមានវត្តមានក្នុងការប្រកួតនេះទេ។

  • Lyon Vs Juventus

គ្រីស្ទាណូ រ៉ូណាល់ដូ មិនបង្ហាញសញ្ញាថមថយនោះឡើយ ខណៈរូបគេប៉ុនប៉ងជួយ Juventus បញ្ចប់ការរង់ចាំ ២៤ ឆ្នាំសម្រាប់ពានរង្វាន់ Champions League ។

រ៉ូណាល់ដូកត់សម្គាល់ការប្រកួតផ្លូវការលើកទី១០០០របស់ខ្លួនដោយស៊ុតចូល១គ្រាប់បំបែកឯតទគ្គកម្មថ្មី ជួយឱ្យ Juventus ឈ្នះ ២-១ លើ Spal កាលពីថ្ងៃសៅរ៍។

រ៉ូណាល់ដូអាយុ៣៥ឆ្នាំស៊ុតចូល១១លើកជាប់គ្នានៅក្នុងលីក ដោយស្មើឯតទគ្គកម្មក្របខ័ណ្ឌ Serie A ជាមួយកីឡាករ ហ្គាព្រីល បាទីស្ទូតា ក្នុងឆ្នាំ​ ១៩៩៤។

រ៉ូណាល់ដូស៊ុតបានតែ២គ្រាប់ប៉ុណ្ណោះក្នុង CL ឆ្នាំនេះ ប៉ុន្តែកំពុងមានទម្រង់លេងល្អខ្លាំង ក្រោយឆ្លងមកវគ្គ ១៦ ក្រុមចុងក្រោយ ហើយគ្រាប់បាល់សរុបរបស់រ៉ូណាល់ដូក្នុងលីកកំពូលសរុបមានចំនួន ២១ គ្រាប់ហើយ។

នៅពេលសួរគ្រូបង្វឹក Lyon លោក រូឌី ហ្គាសៀ ថាតើនឹងបញ្ឈប់រ៉ូណាល់ដូដោយរបៀបណា គាត់បានឆ្លើយបែបលេងសើចថា “អ្នកអាចបញ្ឈប់គាត់នៅព្រំដែន បើគាត់សម្រេចចិត្តថា គាត់មិនចូលចិត្តទីក្រុង Lyon និង មិនចង់មកលេងនៅទីនេះ។ និយាយមែនទែនទៅ យើងអាចបញ្ឈប់គាត់បានតាមរយៈការការពារពីក្រុមទាំងមូល…ខ្ញុំនឹងនិយាយទៅគ្រប់គ្នាថានេះជាការប្រជែង។ វាត្រូវតែជាការជំរុញទឹកចិត្តគ្រប់គ្នាឱ្យប្រឹងប្រែង។ ក៏ដូចចំពោះខ្ញុំផងដែរ”៕ ដោយ៖ កញ្ញាដាលីស