ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ត្រៀម​បង់​១៣​លាន​ផោន​ដើម្បី​បើក​ផ្លួ​វ​ឲ្យ អា​ឡិ​ក​ស៊ី​ស សាន​ឆេស ចាកចេញ

992
ចែករម្លែក

ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ត្រៀម​បង់ប្រាក់​ពាក់កណ្តាល​នៃ​ប្រាក់ខែ​២៦​លាន​ផោន​របស់ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ដើម្បី​ជួយ​ឲ្យ​កីឡាករ​រូបនេះ​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរចេញ​នៅ​រដូវក្តៅ​នេះ​។​

ការសម្រេចចិត្ត​ចុងក្រោយ​ជុំវិញ​អនាគត​របស់​កីឡាករ​ស​ញ្ជ​តិ​ឈី​លី​រូបនេះ​នឹង​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ប៉ុន្តែ​យូ​ណាយ​ធី​ត​បើកទូលាយ​ឲ្យ​ខ្សែប្រយុទ្ធ​រូបនេះ​ចាកចេញ​។​
​ ​
​ថ្នាក់ដឹកនាំ​របស់​យូ​ណាយ​ធី​ត​ដឹង​ច្បាស់​ពី​ប្រាក់​ឈ្នួល ៥០០.០០០​ផោន​ក្នុង​មួយ សប្តាហ៍​បូករួម​ទាំង​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​ទៀត​នោះ នឹង​ក្លាយជា​ឧបសគ្គ​រារាំង ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ណាមួយ​។ ដូច្នេះ​គេ​ជឿថា ពួកគេ​គ្រោង​នឹង​ចំណាយ​ច្រើន រហូតដល់​៥០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​របស់ អា​ឡិ​ក​ស៊ី​ស សាន​ឆេស ដើម្បី​ទាក់ទាញ ក្លឹប​ផ្សេង​ឲ្យ​នាំយក​កីឡាករ​រូបនេះ​ចេញ​។​
​ ​
​យូ​ណាយ​ធី​ត​ចង់​លក់ សាន​ឆេស ទៅ​ក្រៅប្រទេស ខណៈ​មាន​ភាពស្ទាក់ស្ទើរ​មិន ចង់ឃើញ​កីឡាករ​រូបនេះ​ចូលរួម​ជាមួយ​គូប្រជែង​កំពូល​ទាំង​៦​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​យូ​ណាយ​ធី​ត​ជឿថា ក្តីសង្ឃឹម​ខ្ពស់បំផុត​ក្នុងការ​ធ្វើ​ឲ្យ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ ចាកចេញ​គឺ​ការដាក់​ឲ្យ​លេង​ខ្ចី​ជើង​នៅ​រដូវក្តៅ​នេះ​។ ការធ្វើ​បែបនេះ​នឹង​ជួយ​ពួក​គេចរ ចា​រក​ច្រកចេញ​សម្រាប់ សាន​ឆេស នៅមុន​រដូវ​កាល ២០២០/២១ ជាពិសេស ប្រសិន បើ​ខ្សែប្រយុទ្ធ​រូបនេះ​អាចធ្វើ​បានល្អ​នៅ​កន្លែង​ផ្សេង​។​
​ ​
​សា​ឆេស មានការ​លំបាក ចាប់តាំងពី​ផ្ទេរ​មកលេង​នៅ​ពហុកីឡាដ្ឋាន Old Trafford ដោយ​ខកខាន​មិនបាន​ស្វែងរក​ទម្រង់​លេង​ល្អ​ស័ក្តិសម​នឹង​ការចំណាយ​របស់​យូ​ណាយ​ធី​ត​កាលពី​ឆ្នាំ​២០១៨​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#