ម៉េនឆេស្ទ័រ យូណាយធីតជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរ ណេម៉ានចា ម៉ា ទិក (Nemanja Matic) ក្នុងតម្លៃ៣៥លានផោនពីក្លឹបឆេលស៊ី។
ចូសេ ម៉ូរីញ៉ូ (Jose Mourinho) គ្រូបង្វឹករបស់ម៉េនឆេស្ទ័រយូណាយធីតចង់នាំយកអតីតខ្សែ បម្រើរបស់លោកមកកាន់ពហុកីឡាដ្ឋាន Old Traffordហើយកិច្ចព្រមព្រៀងនេះអាចនឹងសម្រេច នៅត្រឹមចុងសប្តាហ៍នេះ។
ឆេលស៊ីសុខចិត្តបណ្តោយឲ្យ ម៉ាទិក ចូលរួមជាមួយយូណាយធីតនៅពេលពួកគេអាចសម្រេច កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ ធីម៉ូ បាកាយ៉ូ (Tiemoue Bakayoko)។
គេជឿថា លក្ខខណ្ឌផ្ទាល់ខ្លួនបានព្រមព្រៀងហើយរវាងយូណាយធីតនិងម៉ាទិកគឺកិច្ចសន្យារយៈពេល ៤ឆ្នាំ និងមានប្រាក់ឈ្នួល១៥០.០០០ផោនក្នុងមួយសប្តាហ៍។
លោក ម៉ូរីញ៉ូ បានផ្ទេរ ម៉ាទិក ពីក្លឹប Benfica អំឡុងអាណត្តិទី២របស់លោកជាមួយឆេលស៊ី ក្នុងតម្លៃ២១លានផោនកាលពីឆ្នាំ២០១៤ ប៉ុន្តែលោក អា ឡិក ហ្វឺហ្គូសិន (Alex Ferguson) អតីតគ្រូបង្វឹករបស់យូណាយធីតក៏ធ្លាប់ពិចារណាចង់ផ្ទេរកីឡាករសញ្ជាតិស៊ែបរូបនេះ កាលពីរដូវកាល ឆ្នាំ២០១២/១៣ផងដែរ ជារដូវកាលចុងក្រោយរបស់លោកជាមួយយូណាយធីតនោះ។
តាមគេហទំព័រ Mirror.co.uk កាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧បានឲ្យដឹងថា ម៉ាទិក ត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងយូរអង្វែងរបស់ខ្សែបម្រើ ម៉ៃឃើល ខារិក (Michael Carrick) វ័យ៣៥នៅយូណាយធីត។ ខារិក នៅ សល់កិច្ចសន្យាមួយឆ្នាំទៀត ប៉ុន្តែការបង្ហាញមុខនឹងត្រូវ រឹតត្បិតនៅរដូវកាលក្រោយ៕ ប្រែសម្រួល:ពិសិដ្ឋ