ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​ផ្តល់​កិច្ចសន្យា​ដល់ អែន​ដឺ ហឺ​រ៉េ​រ៉ា បន្ទាប់ពី​ព្រមព្រៀង​ជាមួយ អា​ស្លី យ៉ាំង​

442
ចែករម្លែក

កីឡាករ អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera) ជិត​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី អា​ស្លី យ៉ាំង (Ashley Young) ទទួលយក​ការបន្ត​កិច្ចសន្យា រយៈពេល​មួយឆ្នាំ​ទៀត​នៅ​ពហុកីឡាដ្ឋាន Old Trafford ។​
​ ​
យូ​ណាយ​ធី​ត​បាន​ចរចា​ជាមួយ​តំណាង​របស់​កីឡាករ​ទាំងពីរ ចាប់តាំងពី​ឆ្នាំមុន​ដោយ​ដឹងថា ហឺ​រ៉េ​រ៉ា និង យ៉ាំង នឹង​ចប់​កិច្ចសន្យា​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
ហឺ​រ៉េ​រ៉ា ដែល​ផ្ទេរ​ពី​ក្លឹប Athletic Bilbao ក្នុងតម្លៃ​២៩​លាន​ផោន​កាលពី​ឆ្នាំ​២០១៤ នោះ​ពិតជា ចង់​បន្ត​នៅ​ជាមួយ​ក្លឹប​នេះ បន្ទាប់ពី​កសាង​ខ្លួន​រហូត​ក្លាយជា​កីឡាករ​ជម្រើស​ទី​១​រួមជាមួយ ផូ​ល ប៉ុក​បា (Paul Pogba) និង ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ។​
​ ​
គេ​ជឿថា ការចរចា​កំពុងដំណើរការ​យ៉ាង​ល្អ ហើយ​កីឡាករ​អេ​ស្ប៉ា​ញ​វ័យ​២៩​ឆ្នាំ​រូបនេះ​ត្រៀម បន្ត​អនាគត​ជាមួយ​ក្លឹប​យូ​ណាយ​ធី​ត​ទៀត​។​
​ ​
នៅពេល​សួរនាំ​អំពី​ស្ថានភាព​កិច្ចសន្យា​បន្ទាប់ពី​យកឈ្នះ​ក្រុម Leicester កាលពី​ថ្ងៃអាទិត្យ ហឺ​រ៉េ​រ៉ា បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​សម​នឹង​ទទួលបាន​កិច្ចសន្យា​មែន នោះ​ខ្ញុំ​នឹង​ទទួលយក​”​។​
​ ​
​អា​ស្លី យ៉ាំង បានសម្រេច​ចិត្ត​បន្ត​កិច្ចសន្យា​ជាមួយ​យូ​ណាយ​ធី​តដល់​រដូវ​កាល​ទី​៩ បើទោះបីជា មាន​ចំណាប់អារម្មណ៍​ពី​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​នៅ​បរទេស​រួមទាំង​ក្លឹប Inter Milan ដែល​សង្ឃឹមថា នឹង​ផ្ទេរ​កីឡាករ​រូបនេះ​នៅពេល​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera)