ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផ្អាក​ការតាមប្រមាញ់ ម៉ា​កូ វើ​រ៉ា​តទី

658

​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ផ្អាក​ការតាមប្រមាញ់ ម៉ា​កូ វើ​រ៉ា​តទី (Marco Verratti) របស់ PSG ក្នុងតម្លៃ​៦០​លាន​ផោន ដោយសារតែ​ក្លិប​យក្ស​បារាំង​នេះ​ទាមទារ​យក​ខ្សែប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial) ជា​ថ្នូរ​សម្រាប់​កិច្ចព្រមព្រៀង​នេះ​។​
​ ​
​ខ្សែបម្រើ វើ​រ៉ា​តទី បាន​ក្លាយជា​គោលដៅ​ផ្ទេរ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ស្របពេល​ឆេ​ល​ស៊ី​បដិសេធ​មិន​លក់ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) វ័យ​២៨​ឆ្នាំ ក្រោម​តម្លៃ​៥០​លាន​ផោន​។​
​ ​
​លោក អេ​ដ វូដ​វើដ (Ed Woodward) អ្នកចរចា​របស​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​បង្កើន​ការ​តាម ប្រមាញ់​កីឡាករ​អ៊ីតាលី​វ័យ​២៤​ឆ្នាំ​រូបនេះ បន្ទាប់ពី​បា​សេ​ឡូ​ណា​បន្ថយ​ចំណាប់អារម្មណ៍ របស់ខ្លួន​កាលពី​សប្តាហ៍​មុន​។​
​ ​
​ប៉ុន្តែ​ក្លិប PSG បានដាក់​លក្ខខណ្ឌ​ចំពោះ​យូ​ណាយ​ធី​ត ហើយ​បាន​និយាយថា ពួកគេ​នឹងធ្វើ​អាជីវកម្ម​ជាមួយ ប្រសិនបើ​កីឡាករ ម៉ា​សល គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា យូ​ណាយ​ធី​ត​មិន​ចង់ បណ្តោយ​ឲ្យ ម៉ា​សល ចាកចេញ​ទេ ប៉ុន្តែ​កំពុង​បន្ត​ការចរចា​ជាមួយ​ក្លិប PSG ដោយ​សង្ឃឹមថា ខ្លួន​អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​នេះ​។​
​ ​
​បា​សេ​ឡូ​ណា ត្រូវបាន​ភ្ជាប់​ទៅនឹង​កីឡាករ​អ៊ីតាលី​រូបនេះ ចាប់តាំងពី​បញ្ចប់​រដូវ​កាល ប៉ុន្តែ​ចំណាប់អារម្មណ៍​នេះ​ប្រែជា​ស្រអាប់​វិញ ដោយសារតែ​ក្លឹប PSG ចង់​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ នី​ម៉ា (Neymar) ក្នុងតម្លៃ​១៩៦​លាន​ផោន​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​