ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានសង្ឃឹម​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ថ្មី

105
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រហែលជា​បន្ត​ចំណាប់អារម្មណ៍​របស់ខ្លួន​ឡើងវិញ​លើ​កីឡាករ អ៊ី​វ៉ាន រ៉ា​គី​ទិ​ក (Ivan Rakitic) បន្ទាប់ពី​ខ្សែបម្រើ​រូបនេះ​សារភាពថា ខ្លួន​ប្រហែលជា​ចាក​ចេញពី​ក្លឹប Barcelona ដើម្បី​ស្វែងរក​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ជាប្រចាំ​។ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​យូ​ណាយ​ធី​ត​ធ្លាប់​ចង់បាន​ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ​នៅ​រដូវក្តៅ ប៉ុន្តែ​មិនបាន​សម្រេច​ជោគជ័យ​។​

មានន័យថា រ៉ា​គី​ទិ​ក នៅតែ​ជា​កីឡាករ​របស់​ក្លឹប Barcelona ។ នៅពេលនេះ រ៉ា​គី​ទិ​ក ចាប់ផ្តើម​បាត់បង់​ឱកាស​ក្នុង​ក្រុម​ជម្រើស​ដំបូង ក្រោម​ការដឹកនាំ​របស់​លោក អេ​ស្ទឺ​ណូ វ៉ាល​វើដ (Ernesto Valverde) នៅ​រដូវ​កាល​នេះ​។ ​ការមកដល់​របស់​កីឡាករ ហ្វ្រែ​ង​គី ដឺ ចុង (Frenkie de Jong) បាន​កាត់បន្ថយ​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅ​យុទ្ធនាការ ហើយ​កីឡាករ​ក្រូ​អាស៊ី​រូបនេះ​បាន​អះអាងថា ខ្លួន​ប្រហែលជា​ស្វែងរក​គោលដៅ​ថ្មី ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន​មិន​ប្រែប្រួល​។

រ៉ា​គី​ទិ​ក បាន​និយាយថា “​ខ្ញុំ​មិនដឹងថា អ្វី​នឹង​មកដល់​។ វា​ពិតជា​តឹងតែង​ពីព្រោះ​ខ្ញុំ​ចង់​លេង ហើយ​គ្មាន​ឱកាស​ជា​ផ្នែក​នៃ​ក្រុម​នេះ​។ ខ្ញុំ​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​កែប្រែ​ស្ថានការណ៍​នេះ​។ ខ្ញុំ​នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត ហើយ​គ្មាន​កន្លែង​ណា​ល្អ​ជាង​ក្លឹប Barcelona ទេ ក្នុង​ពិភពលោក ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការលេង ហើយ​មិន​ចង់​គ្រាន់តែ​ដើរ​ចុះឡើង​កម្សាន្ត​តាម​ទីក្រុង​ឬ​ឆ្នេរសមុទ្រ​នោះទេ​”​។ គេ​នៅ​រង់ចាំ​មើលថា តើ រ៉ា​គី​ទិ​ក ចង់​ផ្ទេរ​ទៅលេង​នៅ​ពហុកីឡាដ្ឋាន Old Trafford ដែរ​ឬ​យ៉ាងណា ស្របពេល​ក្រុម​យូ​ណាយ​ធី​ត​កំពុង​ចាប់ផ្តើម​មិនបាន​ល្អ​នៅ​រដូវ​កាល​ថ្មី​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ អ៊ី​វ៉ាន រ៉ា​គី​ទិ​ក (Ivan Rakitic)