ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ខកចិត្ត​ដោយ សារ​កីឡាករ​ឆ្នើម ឡឺ​រ៉​យ សេន ប្រឈម​នឹង​ការខកខាន ការប្រកួត​ច្រើន​ខែ​

309
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ជួប​រឿង​ខកចិត្ត​សម្រាប់​រដូវ​កាល​ថ្មី បន្ទាប់ពី​អ្នកចាត់ការ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​បញ្ជាក់ថា កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) នឹង​ខកខាន​ការប្រកួត​រហូតដល់​៧​ខែ បន្ទាប់ពី​ធ្វើការ​វះកាត់​របួស​។​
​ ​
សេន នឹងធ្វើ​ការវះកាត់​នៅ​ទីក្រុង​បា​សេ​ឡូ​ណា នៅ​ថ្ងៃ​អង្គារ ដើម្បី​ព្យាបាល​របួស សរសៃពួរ ដែល​កើតមាន​អំឡុងពេល​ស៊ី​ធី​ប្រកួត​ដណ្តើមពាន Community Shield ឈ្នះ​ក្រុម លី​វឺ​ភូ​ល ។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា លោក​មិន​រំពឹងថា ខ្សែបម្រើ​ស្លាប​រូបនេះ​នឹង​ជា​សះ ស្បើយ​ទាន់ពេល​នោះទេ រហូតដល់​ខែកុម្ភៈ​ឬ​ខែមីនា មានន័យថា កីឡាករ​វ័យ​២៣​ឆ្នាំ រូបនេះ​នឹង​ខកខាន​ស្ទើរតែ​ពេញ​មួយ​រដូវ​កាល​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​បន្តថា “​តាម​ធម្មតា របួស​នេះ​អាច​ចំណាយពេល​៦​ទៅ​៧​ខែ​។ សង្ឃឹមថា គាត់​អាច​នឹង​វិលត្រឡប់​មកវិញ​នៅ​ខែកុម្ភៈ​ឬ​ខែមីនា​។ វា​គឺជា​ព័ត៌មាន អាក្រក់​មួយ​សម្រាប់​យើង​”​។​
​ ​
​លោក​បន្ថែមថា “​ឡឺ​រ៉​យ គឺជា​កីឡាករ​យុវជន ហើយ​គាត់​នឹង​សះស្បើយ​ឆាប់រហ័ស​។ គ្រប់គ្នា​នឹង​ជួយ​គាត់​។ គាត់​មាន​អារម្មណ៍​ឯកោ ប៉ុន្តែ​យើង​នឹង​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍ កក់ក្តៅ​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​
​ ​
សេន ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់​ច្រើន​នៅ​ក្លិប បៃ​យឺន ម៉ូ​និ​ច នៅ​រដូវក្តៅ​នេះ ប៉ុ​ន្តេ​នៅពេលនេះ នឹងមាន​ការខកចិត្ត​នៅពេល​ឈរ​មើល ពី​ខាងក្រៅ​។​
​ ​
ប្រាកដ​ណាស់ ស៊ី​ធី គួរ​មាន​កម្លាំង​រឹងមាំ​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​នៅពេល​អវត្តមាន ឡឺ​រ៉​យ សេន ដែលមាន​កីឡាករ​ឆ្នើម​ដូចជា រ៉ា​ហ៊ីម ស្ទឺ​លិ​ង រី​យ៉ា​ដ ម៉ា​រ៉េ​ស និង សឺ​ជី​អូ អា​ក្វេ​រ៉ូ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​