ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​អាច​បាត់បង់​តំណែង​ជើងឯក​នៅ​រដូវ​កាល​នេះ​

578
ចែករម្លែក

​គ្មាន​ក្រុម​ណាមួយ​រក្សា​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​បានទេ ចាប់តាំងពី​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ធ្វើបាន​នៅ​ឆ្នាំ​២០០៩ ហើយ​នេះ​គឺជា​ការប្រកួត​មួយ​ដែល​គេ​ជឿថា ស៊ី​ធី​អាច​នឹង​ជួប​រឿង​បែបនេះ​។​
​ ​
​មិន​ត្រឹមតែ​ជា​បរាជ័យ​លើក​ទី​២​ក្នុង​រយៈពេល​៥​ថ្ងៃ​នោះទេ ដែល​ធ្វើ​ឲ្យ​ក្រុម​ស៊ី​ធី​មាន​គម្លាត ៧​ពិន្ទុ​ពី Liverpool និង​ឈរ​នៅ​លេខ​រៀង​ទី​៣ បន្ទាប់ពី​ក្រុម Tottenham នោះ ប៉ុន្តែ​ទម្រង់​លេង​របស់​ពួកគេ​អន់​មែនទែន ហើយ​មជ្ឈដ្ឋាន​នានា​ចាប់ផ្តើម​មាន​ចម្ងល់​ថា តើ​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា អាច​កាត់បន្ថយ​គម្លាត​នេះ​បាន​យ៉ាងម៉េច​វិញ​។​

​ស្តាប់​មើលទៅ​វា​ហាក់ដូចជា​គួរ​ឲ្យ​អស់សំណើច​នៅពេល​ក្រុម​ដែល​ធ្លាប់​រកបាន​ពិន្ទុ​ច្រើន​បំផុត​មិន​ធ្លាប់មាន​កាលពី​រដូវ​កាល​មុន​នោះ បែរជា​ជួប​រឿង​បែបនេះ​។

ប្រសិនបើ​ក្រុម​ស៊ី​ធី​នៅ​លេង​ទម្រង់​បែបនេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ ជា​ពេលដែល​ក្រុម Liverpool ធ្វើដំណើរ​ទៅ​ទឹកដី Etihad នោះ គម្លាត​នឹង​កើន​៣​ពិន្ទុ​បន្ថែមទៀត​។​
​ ​
បើ​និយាយ​ពី​ប្រព័ន្ធ​ការពារ​វិញ ក្រុម​ស៊ី​ធី​ហាក់ដូចជា​រញ៉េរញ៉ៃ​បន្តិច​ហើយ​ខ្សែប្រយុទ្ធ ចាប់ផ្តើម​លេង​មិនសូវ​ស៊ីសង្វាក់​គ្នា​។ ក្រុម Leicester បាន​ឆ្លៀតឱកាស​នេះ ហើយ​បង្កើន​ការកៀបសង្កត់​ភ្លាមៗ​និង​បានបង្ហាញ​ទម្រង់​លេង​ប្រកបដោយ​ទំនុកចិត្ត បន្ទាប់ពី​របូត​១​គ្រាប់​មុន​។​
​ ​
គ្រូបង្វឹក ក្លូ​ដេ ពូ​យែ​ល (Claude Puel) ស្ថិតក្រោម​ការ​ឃ្លាំង​មើល កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ចាប់តាំងពី​ក្រុម​របស់លោក​យកជ័យ​ជ្នះ​លើ​ក្រុម​ឆេ​ល​ស៊ី​នៅ​ពហុកីឡាដ្ឋាន Stamford Bridge មក ភាព​សង្ស័យ​ជុំវិញ​ការដឹកនាំ​របស់លោក​ចាប់ផ្តើម​ថមថយ​ទៅវិញ​ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ការប្រកួត​រវាង​ក្រុម​ស៊ី​ធី​និង Leicester