ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹង​ងាក​ទៅរក​គោលដៅ​ផ្សេង ប្រសិន​ការខិតខំ​ផ្ទេរ ម៉ា​ក្វា​យ​អ័​រ មាន​បញ្ហា​

609
ចែករម្លែក

ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹង​បង្វែរ​ចំណាប់អារម្មណ៍​របស់ខ្លួន​មក​គោលដៅ​ខ្សែការពារ​ផ្សេង ទៀត ប្រសិនបើ​ក្លឹប Leicester បដិសេធ​មិន​ទទួលយក​សំណើ​៩០​លាន​ផោន សម្រាប់ កីឡាករ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ។

​ក្រុម​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​បានចាត់ទុក​កីឡាករ​អង់គ្លេស​រូបនេះ​ជា​គោលដៅ​ផ្ទេរ​ចម្បង បន្ទាប់ពី​មិនសូវមាន​សង្ឃឹមថា នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ខ្សែការពារ ម៉ា​ត​ធី​ស ដឺ ឡាយ (Matthijs de Light) ប៉ុន្តែ​គ្មាន​បំណង​ឆ្លើយតប​នឹង​តម្លៃ ដ៏​ខ្ពស់​សម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ដែរ​។

​ក្លឹប​ស៊ី​ធី​ត្រៀម​បំបែក​កំណត់ត្រា​តម្លៃ​ផ្ទេរ​៦០​លាន​ផោន​កន្លងមក​ដែល​ខ្លួន​បាន​ចំណាយ ដើម្បី​នាំយក​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) កាលពី​ឆ្នាំមុន ប៉ុន្តែ​ប្រភព​មន្ត្រី ជាន់ខ្ពស់​ជាច្រើន អះអាងថា ពួកគេ​រៀបចំ​បញ្ជី​សម្រាំង​ថ្មី ប្រសិនបើ​ក្លឹប Leicester បដិសេធ​នឹង​សំណើ​ដែល​ពួកគេ​ផ្តល់ជូន​។

​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អន្ទះសា​ចង់បាន ម៉ា​ក្វា​យ​អ័​រ ផងដែរ ប៉ុន្តែ​កីឡាករ​រូបនេះ ចង់​ចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ច្រើនជាង​។ ទោះបីជា​យ៉ាងណា​គេ​ជឿថា ស៊ី​ធី អាច​នឹង​ដើរចេញ ប្រសិនបើ Leicester មិន​ព្រម​ទទួលយក​សំណើ​។

Leicester មិន​ចង់​លក់ ម៉ា​ក្វា​យ​អ័​រ ហើយ​ពួកគេ​នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​ដោយសារ តែ​នៅពេលនេះ ក្លឹប​ស៊ី​ធី​ត្រូវការ​ខ្សែការពារ​ម្នាក់​ខ្លាំង បន្ទាប់ពី​ប្រធាន​ក្រុម វីន​សេន កំ​ផេ​នី (Vincent Kompany) ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប Anderlecht របស់ បែលហ្ស៊ិក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ