ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ងាក​មករក​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក ខណៈ​កិច្ចព្រមព្រៀង​ផ្ទេរ ជ័រ​ជី​ញ៉ូ អូសបន្លាយ​

142

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កំពុង​តាមដាន​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) ចំពេល​មាន​មន្ទិល ជុំវិញ​ការតាមប្រមាញ់​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) ។

​កូ​វ៉ា​ស៊ី​ក កីឡាករ​អន្តរា​តិ​ក្រូ​អាស៊ី​លេង​នៅ​ក្លិប​រៀល​ម៉ា​ឌ្រី​ដ​គឺជា​ខ្សែបម្រើ​ម្នាក់​ក្នុងចំណោម​ខ្សែ បម្រើ​ដែល​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ចាប់អារម្មណ៍​ក្នុងករណី​ដែល​ពួកគេ​ខកខាន​មិនបាន​នាំយក​កីឡាករ ជ័រ​ជី​ញ៉ូ របស់​ក្លិប ណា​ប៉ូ​លិ​(Napoli) ។

​ស៊ី​ធី​បាន​យល់ព្រម​លក្ខខណ្ឌ​ជាមួយ ជ័រ​ជី​ញ៉ូ ច្រើន​សប្តាហ៍​មកហើយ ប៉ុន្តែ​នៅតែមាន​ភាព​ស្ទាក់ ស្ទើរនឹង​តម្លៃ​ជាមួយ​ក្លិប Napoli ។ ភាពជាប់គាំង​នេះ​នៅ​បើកទ្វារ​ចំហ​សម្រាប់ ការដណ្តើមយក កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ពី​សំណាក់​ក្លឹប​ផ្សេងៗ​ទៀត​។​

​ក្លឹប​ឆេ​ល​ស៊ី​កំពុង​ព្យាយាម​តែងតាំង​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ជា​អតីត​គ្រូ បង្វឹក​របស់​ក្លិប Napoli និង​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​នាំយក​កីឡាករ ជ័រ​ជី​ញ៉ូ មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge ផងដែរ​។

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មាន​ផែនការ​ក្នុង​ដៃ ស្របពេល​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ចង់​នាំយក​ខ្សែ បម្រើ​ម្នាក់ទៀត​នៅ​រដូវក្តៅ​នេះ​។​

​កូ​វ៉ា​ស៊ី​ក វ័យ​២៤​ឆ្នាំ​នៅ​ជាមួយ​ពហុកីឡាដ្ឋាន Bernabeu ចាប់តាំងពី​ឆ្នាំ​២០១៥ ប៉ុន្តែ​ខកខាន មិនបាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង ហើយ​ចង់​ចាកចេញ​។

​នៅពេលនេះ ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​អះអាងថា កូ​វ៉ា​ស៊ី​ក មិនមែន​សម្រាប់​លក់​ទេ ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​ក្លឹប រៀល​ម៉ា​ឌ្រី​ដ​ជឿថា ជំហរ​នេះ​អាច​នឹង​ផ្លាស់ប្តូរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic)