ម៉ៃ ផេ​ន ចោទ​ចិន​ថា​ជ្រៀតជ្រែក​នយោបាយ​អាមេរិក​

638
ចែករម្លែក

​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន បាន​ចោទ​ចិន​ថា​ព្យាយាម​បំផ្លាញ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ខណៈដែល​រដ្ឋបាល​ត្រាំ​បញ្ចេញ​វោហា​សាស្ត្រ​ថ្មីៗ​ស្តីពី​គោលនយោបាយ​ការបរទេស សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​របស់​ចិន​។​

​នៅក្នុង​សុន្ទរកថា​ព្រៀងទុក​ជាមុន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​តុលា​នៅឯ​វិទ្យាស្ថាន​ហូ​ស្តុ​ន លោក​ផេ​ន​បាន​និយាយថា ចិន​កំពុង​ប្រើប្រាស់​អំណាច​របស់ខ្លួន “​តាម​វិធី​ដ៏​សកម្ម​និង​បង្ខិតបង្ខំ​ដើម្បី​ជ្រៀតជ្រែក​ក្នុង​គោលនយោបាយ​និង​នយោបាយ​ក្នុងស្រុក​របស់​សហរដ្ឋ​អាមេរិក​”​។​

​លោក​ផេ​ន​និយាយថា “​ចិន​ចង់បាន​ប្រធានាធិបតី​អាមេរិក​ផ្សេង​ម្នាក់ទៀត​”​។​

​សុន្ទរកថា​របស់លោក​ផេ​ន​បានកើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​លោក​ត្រាំ​ចោទប្រកាន់​ចិន​ក្នុងអំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ថា​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​ដើម្បី​ជួយ​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​របស់លោក​។​

​លោក​ត្រាំ​បាន​និយាយថា “​គួរឱ្យ​សោកស្ដាយ យើង​បាន​រកឃើញថា​ចិន​បាន​ព្យាយាម​ជ្រៀតជ្រែក​នៅក្នុង​ការបោះឆ្នោត​នា​ឆ្នាំ ២០១៨ របស់​យើង​។ ពួកគេ​មិន​ចង់ឱ្យ​ខ្ញុំ​ឬ​យើង​ឈ្នះ​ទេពី​ព្រោះ​ខ្ញុំ​ជា​ប្រធានាធិបតី​ទីមួយ​មិន​ធ្លាប់មាន​ពីមុនមក​ដែល​តតាំង​ជាមួយ​ចិន​លើ​វិស័យ​ពាណិជ្ជកម្ម​”​។ ដើម្បី​ជា​ភស្តុតាង ក្រោយមក​លោក​ត្រាំ​បាន​សំដៅ​ទៅលើ​ការបញ្ចូល​ការផ្សាយពាណិជ្ជកម្ម​បង់​ប្រាក់​នៅក្នុង​កាសែត The Des Moines Register ដោយ​អង្គភាព​នានា​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​ចិន​។

​នៅក្នុង​សុន្ទរកថា​ព្រៀងទុក​ជាមុន​ដោយ​ការិយាល័យ​របស់លោក លោក​ផេ​ន​បាន​ចោទប្រកាន់​ចិន​ថា​កំពុង​ផ្តោត​គោលដៅ​ទៅលើ “​ឧស្សាហកម្ម​និង​រដ្ឋ​នានា​ដែល​នឹង​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨” ខណៈដែល​ចិន​កំពុង​ឆ្លើយតប​ទៅនឹង​ការ​វាយ​ពន្ធ​ពាណិជ្ជកម្ម​គាំពារ​និយម​របស់លោក​ត្រាំ​ចំពោះ​ប្រទេស​ចិន​។ លោក​ផេ​ន​និយាយថា “​តាម​ការប៉ាន់ស្មាន តំបន់​ជាង ៨០ ភាគរយ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ចិន​ផ្តោត​គោលដៅ គឺ​បាន​បោះឆ្នោតឱ្យ​លោក​ប្រធានាធិបតី​ត្រាំ​កាលពី​ឆ្នាំ ២០១៦ ឥឡូវនេះ​ចិន​ចង់ឱ្យ​អ្នកបោះឆ្នោត​ទាំងនេះ​ប្រឆាំងនឹង​រដ្ឋបាល​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន