ម៉ោង ១០​យប់ ថ្ងៃទី​៣០​វិច្ឆិកា ទូទាំងប្រទេស វាយគង ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក​… ដើម្បី​អបអរសាទរ​ការបញ្ចូល​ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​យូណេស្កូ​

1718
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ការបញ្ចូល​ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ហើយ​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់រូប សូម​រួមគ្នា ចូលរួម​អបអរសាទរ​តាម​ការ​វាយគង ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក និង​តាម​គ្រប់​មធ្យោបាយ ដែល​ខ្លួន​មាន នៅ​ម៉ោង ១០​យប់ នា​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ រួមទាំង​ទីវ​ត្ត​អារាម​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ខាងលើនេះ ក្នុង​សារ​ជូន​ចំពោះ​ជនរួមជាតិ​កម្ពុជា ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ សារលិខិត ២​ទំព័រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ការអបអរសាទរ ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​របស់​អង្គការ​យូណេស្កូ បានអនុម័ត​យល់ព្រម​ចុះ​ល្ខោនខោល ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ នៅ​ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស សាធារណរដ្ឋ​ម៉ូ​រី​ស​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​ជាតិ​កម្ពុជា​ទាំងអស់​។ …​នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ល្ខោនខោល របស់​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វ​សេស​វិសាល​អស្ចារ្យ និង​មាន​តំលៃ​ជាស​កល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ល្ខោនខោល គឺជា​បេតិកភណ្ឌ​ខ្មែរ ទី​៥ ហើយ ដែល​បានទទួល​នូវ​ឋានៈ​ដ៏​ឧត្តុង្គឧត្តម បន្ទាប់ពី​ការបញ្ចូល​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ​។ បេតិកភណ្ឌ​ផ្សេងទៀត ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក រួមមាន ប្រាសាទអង្គរវត្ត នៅ​ឆ្នាំ​១៩៩២ របាំ​ក្បាច់បុរាណ​ខ្មែរ ( របាំ​ព្រះរាជ​ទ្រព្យ ) នៅ​ឆ្នាំ​២០០៣ និង​ប្រាសាទព្រះវិហារ នៅ​ឆ្នាំ​២០០៨​។​

​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា ការដាក់​ល្ខោនខោល ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អន្តររដ្ឋាភិបាល​សម្រាប់​ការការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​អង្គការ​យូណេស្កូ គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ដ៏​យូរអង្វែង និង​ការពុះពារ​យ៉ាងសកម្មរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បករ អង្គការ សមាគម សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការគាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការបញ្ចូល ល្ខោនខោល ទៅក្នុង​បញ្ជី​អរូបី​នៃ​មនុស្សជាតិ នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោរ​ថែមទៀត នៅលើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថា “​ក្នុងឱកាស​ដ៏​មហាប្រសើរ​នេះ ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​រាជានុញ្ញាត​សម្តែង​នូវ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែល​ព្រះអង្គ​តែងតែ​ប្រោស​ប្រទាន​នូវ​ការគាំទ្រ​ដ៏​ពេញទំហឹង​ជានិច្ច ចំពោះ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​យើង​”​។​

​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រឹងប្រែង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​ការដឹកនាំ​របស់​លោកជំទាវ ភឿង ស​កុ​ណា ដែល​បាន​ពុះពារ​ជំនះ​គ្រប់ការ​លំបាក​រហូត​សម្រេចបាន​នូវ​ការចុះ​ល្ខោនខោល ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នៅថ្ងៃនេះ​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ជាពិសេស​ផងដែរ ជូន​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត អង្គការ​យូណេស្កូ និង​ឥស្សរជន​ទាំងឡាយ ដែល​បានទទួល​ស្គាល់​នូវ​តម្លៃ​ដ៏​អស្ចារ្យ​ជាស​កល​នៃ​ល្ខោនខោល របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​ចូលរួម​គាំទ្រ​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដាក់​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​របស់​កម្ពុជា​នេះ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា ក្នុងនាម​ជា​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​ទឹកចិត្ត​រំភើប​រីករាយ​ឥតឧបមា សម្តេច​សូម​ចែករំលែក​នូវ​សមិទ្ធផល​ដ៏​ធំធេង​ជា​មោទនភាព​ជាតិ​ដ៏​ខ្ពង់ខ្ពស់​នេះ ជាមួយនឹង​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជនរួមជាតិ​កម្ពុជា​គ្រប់រូប ដែល​បាន​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច ដើម្បី​សុខសន្តិភាព ការអភិវឌ្ឍ និង​បុព្វហេតុ​ជាតិ​មាតុភូមិ​។​
​ក្នុង​សារលិខិត​ដដែល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​អំពាវនាវ​ដល់​សាធារណជន និង​ជនរួមជាតិ​កម្ពុជា មេត្តា​បន្ត​ចូលរួម​លើកតម្កើង​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ និង​ថែរក្សា​ការពារ​បេតិកភណ្ឌ​ជាតិ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ខ្ញុំ​សូម​ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ហើយ​ជាមួយគ្នានេះ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់រូប សូម​រួមគ្នា​ចូលរួម​អបអរសាទរ​តាម​ការ​វាយគង ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក និង​តាម​គ្រប់​មធ្យោបាយ ដែល​ខ្លួន​មាន នៅ​ម៉ោង ១០ យប់ នា​ថ្ងៃទី​១០ ខែវិច្ឆិកា នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ រួមទាំង​ទីវ​ត្ត​អារាម​ផងដែរ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សំណូមពរ​ដល់​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​សហការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ឲ្យ​បាន​ទូលំទូលាយ និង​អធិកអធម​ជាទីបំផុត​៕