ម្ចាស់សេវាកម្មទេសចរណ៍អាចជោគជ័យ លុះត្រា​តែ​បាន​គិត​អំពីសុវត្ថិភាព និង​អនាម័យ​បរិស្ថាន

876
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ការគិតគូរបានដិតដល់អំពីសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ព្រមទាំងគុណភាពម្ហូបអាហារសម្រាប់ភ្ញៀវនោះនឹងធ្វើឱ្យម្ចាស់សេវាកម្មទេសចរណ៍ទទួលបាននូវភាពជោគជ័យ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថាប្រតិបត្តិករបម្រើវិស័យឧស្សាកម្មគ្មានផ្សែងដែលបានគិតគូរដិតដល់សម្រាប់ភ្ញៀវនូវបញ្ហាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ក៏ដូចជាគុណភាពនៃម្ហូបអាហារនោះនឹងទទួលជោគជ័យក្នុងមុខរបរតាមរយៈការរក្សាអតិថិជន ព្រមទាំងបង្កឱ្យមានកំណើនទេសចរនៅកន្លែងអាជីវកម្មរបស់ខ្លួន។ ជាមួយនេះ កត្តាអំណោយផលពីធម្មជាតិក៏ជាស្ពានដ៏សំខាន់ដើម្បីទាក់ទាញភ្ញៀវឱ្យចាប់អារម្មណ៍ក្នុងការចូលមកកម្សាន្តផងដែរ។

លោកប្រធានមន្ទីរបានបន្តថាផ្អែកលើខ្លឹមសារនេះ តាមការកត់សម្គាល់ជាក់ស្តែងនៅខេត្តកំពតនាពេលបច្ចុប្បន្នឃើញថាតំបន់បណ្តុំទេសចរណ៍ទឹកឈូកំពុងមានសក្តានុពលខ្ពស់ស្របតាមការចង្អុលបង្ហាញពីរដ្ឋបាលខេត្ត ក៏ដូចជាការអប់រំផ្សព្វផ្សាយរបស់មន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធដែលបានអនុវត្តជាប្រចាំ។ ម្ចាស់មណ្ឌលកម្សាន្តមួយចំនួនដែលអនុវត្តបានតាមការណែនាំទាំងនោះហាក់មានមោទនភាពខ្ពស់សម្រាប់មុខរបររបស់ខ្លួនព្រោះតែភ្ញៀវជិតឆ្ងាយចាប់អារម្មណ៍ចូលលម្ហែកម្សាន្តរៀងរាល់ថ្ងៃ។

លោកលី រតនា ម្ចាស់រមណីយដ្ឋានដូងទេរដែលជាមណ្ឌលកម្សាន្តមួយស្ថិតក្នុងតំបន់បណ្តុំទេសចរណ៍ទឹកឈូបានរៀបរាប់ថាស្ថិតនៅលើផ្ទៃដីមួយហិកតាកន្លះមានទីតាំងជាប់ដងព្រែកកំចាយ លោកបានបើកដំណើរការជាងមួយឆ្នាំហើយដោយមកដល់ពេលនេះភ្ញៀវជិតឆ្ងាយចូលមកលម្ហែកម្សាន្តគ្មានទំនេរថ្ងៃណាមួយទេ។ ក្រៅពីពិធីបុណ្យទានធំៗដែលកន្លែងមិនមានគ្រប់គ្រាន់សម្រាប់ទទួលនោះ ភ្ញៀវបានមកលេងច្រើនកុះករនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។ ជាទូទៅរាល់ពិធីបុណ្យទានម្តងៗ លោកត្រូវមានបុគ្គលិកសម្រាប់បម្រើភ្ញៀវពី៤០នាក់ទៅ៥០នាក់ ហើយផ្តល់អាទិភាពចំពោះសិស្សសាលាជាកូនចៅអ្នកភូមិដើម្បីទទួលបានប្រាក់កម្រៃបន្ថែមសម្រាប់ការសិក្សា។ ម្ចាស់មណ្ឌលកម្សាន្តរូបនេះបានបញ្ជាក់ថាព្រោះតែបរិមាណទេសចរបានកើនឡើងជាលំដាប់ នាពេលខាងមុខលោកនឹងបង្កើនកន្លែងសម្រាកកម្សាន្ត ព្រមទាំងបង្កើតឱ្យមានរហូតដល់បន្ទប់សម្រាប់ស្នាក់អាស្រ័យបន្ថែមទៀត។ ប៉ុន្តែលទ្ធផលដែលទទួលបានបែបនេះមិនទាន់ចាត់ទុកជាជោគជ័យនៅឡើយ ពោលគឺ ឱ្យលោកត្រូវខិតខំបន្ថែមស្របតាមសេចក្តីណែនាំពីរដ្ឋបាលខេត្តកំពត ក៏ដូចជាការអប់រំផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ មន្ទីរបរិស្ថានជាដើម។

លោករតនាបានបញ្ជាក់ថាអ្វីជាគន្លឹះទាក់ទាញការចាប់អារម្មណ៍ភ្ញៀវគឺកត្តាធម្មជាតិដោយនៅទីនេះជាប់ព្រែកកំចាយដែលមានទឹកល្អស្អាតហូរមកពីដងជ្រោះទឹកឈូ មានដំណាំផ្លែឈើ២៥ប្រភេទ។ ចំពោះកិច្ចការសោភ័ណភាពវិញ លោកប្រើប្រាស់កម្លាំងសម្អាតអនាម័យចំនួនប្រាំបីនាក់ និងមានកន្លែងទុកដាក់ត្រឹមត្រូវ។ លើសពីនេះ លោកបានយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន ដូចជាទឹកដែលប្រើប្រាស់រួចគឺមានអាងស្តុកគ្រប់គ្រាន់ដោយបញ្ចៀសដាច់ខាតនូវការបង្ហូរចូលក្នុងព្រែកផ្អែកតាមការណែនាំរបស់មន្ត្រីនៃមន្ទីរជំនាញដែលបានក្រើនរំលឹកជាញឹកញយនោះ។ ម្ចាស់មណ្ឌលកម្សាន្តដដែលបានបញ្ជាក់ទៀតថាដោយសារភ្ញៀវភាគច្រើនចូលចិត្តហែលទឹកលេង និងជិះទូកកម្សាន្ត ដូងទេររីស៊តមានអូប័របីគ្រឿង ព្រមទាំងសន្តិសុខ២០នាក់សម្រាប់ល្បាតជាប្រចាំដើម្បីសន្តិសុខសុវត្ថិភាពអតិថិជន។ ក្នុងករណីភ្ញៀវណាម្នាក់មិនពាក់អាវពោង ឆ្មាំក៏មិនអនុញ្ញាតឱ្យជិះទូក ឬហែលទឹកលេងដែរ។

លោកស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានបញ្ជាក់ថាកន្លងមកមន្ត្រីរបស់លោកបានចុះផ្សព្វផ្សាយគ្រប់មណ្ឌលកម្សាន្តបំណងឱ្យម្ចាស់អាជីវកម្មយល់ដឹងអំពីកិច្ចការបរិស្ថាន។ នៅពេលខាងមុខ មន្ទីរបរិស្ថាននឹង បើកសិក្ខាសាលាដើម្បីបញ្រ្ជាបចំណេះដឹងឱ្យកាន់តែទូលំទូលាយព្រោះតាមការពិនិត្យជាក់ស្តែង លទ្ធផលដែលម្ចាស់អាជីវកម្មមួយចំនួនបានអនុវត្តមកដល់ពេលនេះមិនទាន់អាចទទួលយកបាននៅឡើយទេ។ ប្រតិបត្តិករគួរតែយល់អំពីបញ្ហាដែលមានសារសំខាន់ទាំងឡាយព្រោះជាឆ្នាំងបាយរបស់ពួកគាត់ផ្ទាល់ ហើយគ្រប់ផ្នែកពាក់ព័ន្ធចាំបាច់ក៏ត្រូវចូលរួមសហការទើបភាពរីកចម្រើនទាំងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គមកើតឡើងបាន៕B/