ម្ចាស់​កាសែត Cambodia Daily​និង​អគ្គនាយកដ្ឋាន​ពន្ធដារ នៅតែ​ឆ្លើយឆ្លង​គ្នា​

974
ចែករម្លែក

(​ភ្នំពេញ​) ៖ អ្នកស្រី ដេ​ប្រ៉ា គ្រី​ស័​រ​–​ស្ទាល នៅតែ​អះអាងថា អ្នកស្រី​មិនបាន​គេចពន្ធ និង​មាន​វិ​ក្ក័​យ​ប​ត្រ​បញ្ជាក់​ត្រឹមត្រូវ ប៉ុន្តែ​អគ្គនាយក​​ដ្ឋា​ន​ពន្ធដារ​បានចេញ​សេចក្តីបញ្ជាក់​ជាថ្មី​ថា កាសែត​បរទេស The Cambodia Daily មួយ​នេះ​ពុំទាន់​បាន​បង់ពន្ធ​ចូល​រដ្ឋ​សូម្បីតែ​​មួយ​រៀល​សោះ តែ​បែរជា​ចោទប្រកាន់​រដ្ឋាភិបាល បិទ​សិទ្ធិសេរីភាព​សារព័ត៌មាន​ទៅវិញ​។​
​ ​
​អ្នកស្រី ដេ​ប្រ៉ា គ្រី​ស័​រ​–​ស្ទាល បានលើកឡើង​តាមរយៈ​វិទ្យុ​ក្រៅ​ស្រុក​មួយ​ថា អ្នកស្រី​បាន​បង់ពន្ធ អាករ គ្មាន​ខ្វះ​មួយ​រៀល​ទេ​។​អ្នកស្រី​ថែម​​ទាំង​ស្នើថា មិនបាច់​ទៅរក​ភស្ដុតាង​ឯណា​ទេ គឺ​ក្រសួង​ហិរញ្ញវត្ថុ អាច​ពិនិត្យ​វិក្កយបត្រ​លើ​ក្រសួង​សា​ម៉ី​បាន​បើ​ចង់បាន​ភស្ដុ​ង​តាង​អំពី​ការបង់ពន្ធ​នេះ​។​
​ ​
​ទោះជា​យ៉ាងណា​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២៩ បានចេញ​សេចក្ដីបំភ្លឺ​មួយ​ដោយបាន​លើកឡើងថា “​កាសែត The Cambodia Daily ដែល​បាននិងកំពុង ដំណើរការ​អាជីវកម្ម​រហូតមក មិនបាន​គោរព​កាត​ព្វ​ពន្ធដារ​និង​បាន​ប្រព្រឹត្ត​អំពើ​គេច​​វេះ​ពន្ធ​រាប់​ឆ្នាំ ដោយ​មិន​ប្រកាស​បង់ពន្ធ​សូម្បី​តែមួយ​រៀល​ណា​សោះ បែរជា​ចោទ​រដ្ឋាភិបាល​បិទ​សិទ្ធ​សេរីភាព​សារព័ត៌មាន​ទៅវិញ​, តើ​ករណីនេះ គឺជា​បញ្ហានយោបាយ​ដែល​រាជរដ្ឋាភិបាល​គំរាម​ទៅលើ​សេរីភាព​សារព័ត៌មាន ឬ​យ៉ាងណា​?»​។​
​ ​
​អគ្គនាយកដ្ឋាន​ពន្ធដា​រ បញ្ជាក់​ជាថ្មី​ដល់​ម្ចាស់​សារព័ត៌មាន The Cambodia Daily ឲ្យ​ដឹងថា “​អគ្គនាយកដ្ឋាន​ពន្ធដា​របា​ន និង​កំពុង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចំពោះ​រាល់ អ្នក​ជាប់ពន្ធ​គ្រប់​មជ្ឈដ្ឋាន ក្នុង​គោលដៅ​គ្រប់គ្រង​ប្រមូល​ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមភាព និង​បង្កើត​នូវ​បរិយាកាស​ប្រកួតប្រជែង​ដោយ ស្មើភាព​គ្នា​ក្នុងចំណោម​អ្នក​ជាប់ពន្ធ​ទាំងអស់​។ ព្រមជាមួយ​នោះ​ក៏បាន​រកឃើញថា កាសែត The Cambodia Daily ដែល​បាននិងកំពុង​ដំណើរកា​រ​អាជីវកម្ម រហូតមក មិនបាន​គោរព​កាតព្វកិច្ច​ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​ពន្ធដារ និង​បាន​ប្រព្រឹត្ត​អំពើ​គេចវេះ​ពន្ធ​រាប់​ឆ្នាំ ដោយ​មិន​ប្រកាស​បង់ពន្ធ​សូម្បី​តែមួយ​រៀល ណា​សោះ​។ មិនតែប៉ុណ្ណោះ​ថែមទាំង​ប្រមូល​អាករ​លើ​តម្លៃបន្ថែម ដែលជា​ថវិកា​ត្រូវ​បង់​ជូន​រដ្ឋ​ដោយ​អ្នកប្រើប្រាស់ យកទៅដាក់ ហោប៉ៅ​ផ្ទាល់ខ្លួន ហើយ​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​ខុសពី​ការពិត​ទៅវិញ​”​។​
​ ​
​សូមបញ្ជាក់ថា ស្ថាប័ន​ព័ត៌មាន ឌឹ ខេ​ម​បូ​ឌា ដេលី កាលពី​២​ថ្ងៃ​មុននេះ បាន​ថ្លែងថា សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា កំពុង​ស្ថិតក្រោម​ការវាយប្រហា​រ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដែល​ប៉ុនប៉ង​បិទ​ស្ថាប័ន​របស់ខ្លួន​។ ការលើកឡើង​របស់​សារព័ត៌មាន ឌឹ ខេ​ម​បូ​ឌា ដេលី ដែលជា​កាសែត​ឯករាជ្យ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា​៕​ដោយៈ​វិបុល​/sn