ម្ចាស់​កាំភ្លើង​នៅ​នូ​វែ​ល​សេ​ឡង់​ប្រគល់​កាំភ្លើង​ឱ្យ​អាជ្ញាធរ​ដើម្បី​ប្តូរ​យកលុយ​

382
ចែករម្លែក

ម្ចាស់​កាំភ្លើង​រាប់សិប​នាក់​នៅ​ទីក្រុង​ក្រៃ​ឆឺ​ច​កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​កក្កដា​បានប្រគល់​អាវុធ​របស់​ពួកគេ​ជា​ថ្នូរ​នឹង​សាច់ប្រាក់ នៅក្នុង​ព្រឹត្តិការណ៍​ទិញយក​កាំភ្លើង​វិញ​លើកទីមួយ​ក្នុងចំណោម ២៥០ ព្រឹត្តិការណ៍​ដែល​បានគ្រោង​ទុក​នៅ​ជុំវិញ​នូ​វែ​ល​សេ​ឡង់ បន្ទាប់ពី​រដ្ឋាភិបាល​ស​ម្រេច​ធ្វើឱ្យ​លែង​ស្របច្បាប់​ចំពោះ​ប្រភេទ​អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​។​

​ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​ចំណាយ​ប្រា​ក់ជាង ៤៣០.០០០ ដុល្លារ​នូ​វែ​ល​សេ​ឡង់ (២៨៨.០០០ ដុល្លារ​) ដល់​ម្ចាស់​កាំភ្លើង​ចំនួន ១៦៩ នាក់​ក្នុងអំឡុង​ព្រឹត្តិការណ៍​នេះ​។ សាច់ប្រាក់​ត្រូវបាន​បង់​ដោយផ្ទាល់​ទៅក្នុង​គណនី​ធនាគារ​របស់​ម្ចាស់​កាំភ្លើង​។​

​ក្រុម​សមាជិកសភា​នូ​វែ​ល​សេ​ឡង់​កាលពី​ខែមេសា​បាន​ប្រញាប់ប្រញាល់​អនុម័ត​ច្បាប់​ថ្មី​មួយ​ដើម្បី​ហាមឃាត់​អាវុធ​ស្ទីល​យោធា​ជាច្រើន​ប្រភេទ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​គត់​បានសម្លាប់​មនុ​ស្ស ៥១ នាក់​នៅ​វិហារ​អ៊ីស្លាម​ពីរ​កន្លែង​នៅ​ទីក្រុង​ក្រៃ​ឆឺ​ច​កាលពី​ខែមីនា​។​

​រដ្ឋាភិបាល​បាន​លៃលក​ទុក​ប្រាក់​លើសពី ២០០ លាន​ដុល្លារ​នូ​វែ​ល​សេ​ឡង់​ដើម្បី​ទិញ​អាវុធ​ដូចជា​កាំភ្លើង​ប្រភេទ AR-15 ទោះបីជា​ម្ចាស់​កាំភ្លើង​ភាគច្រើន​នៅតែ​មិន​សប្បាយ​ចិត្តនឹង​ការផ្តល់​សំណង​ក៏ដោយ​។​

​នៅក្រោម​លក្ខខណ្ឌ​លើកលែងទោស ម្ចាស់​កាំភ្លើង​មាន​ពេល​រហូតដល់​ខែធ្នូ​ដើម្បី​ប្រគល់​អាវុធ​ជាប់​បម្រាម​របស់​ពួកគេ​។​

​ប៉ូលិស​បាន​និយាយថា កាំភ្លើង​យ៉ាងហោចណាស់ ១៤.០០០ ដើម​នៅ​ទូទាំងប្រទេស ត្រូវបាន​ហាមឃាត់​នៅក្រោម​ច្បាប់​ថ្មី​នេះ​។ សព្វថ្ងៃ​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​មាន​កាំភ្លើង​ឯកជន​ប្រមាណ​ពី ១ លាន​ទៅ ១,៥ លាន​ដើម និង ម្ចាស់​កាំភ្លើង​ដែលមាន​អាជ្ញាប័ណ្ណ​ចំនួន ២៥០.០០០ នាក់​៕ ដោយ៖ កញ្ញាដាលីស

មេ​ប៉ូលិស​នូ​វែ​ល​សេ​ឡង់ លោក ផេ​ត​ឌី ហាន់​ណាន់ បង្ហាញ​កាំភ្លើង​វែង​ប្រភេទ AR-15 នៅ​សភាជាតិ​កាលពី​ថ្ងៃទី ២ មេសា កន្លងទៅ