ម្ចាស់​ក្លិប Chelsea លោក​អា​ប្រា​ម៉ូ​វិច មាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​ទទួលបាន​សញ្ជាតិ​អ៊ីស្រាអែល​

929
ចែករម្លែក

​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី ម្ចាស់​ក្លិប​តោ​ខៀវ Chelsea លោក រ៉ូ​ម៉ាន់ អា​ប្រា​ម៉ូ​វិច បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​តែ​ល​អា​វីវ បន្ទាប់ពី​រកឃើញថា គាត់​មាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​ទទួលបាន​សញ្ជាតិ​អ៊ីស្រាអែល​។​

​ក្រុមមន្ត្រី​អន្តោប្រវេសន៍​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា គាត់​ត្រូវបាន​សម្ភាស​កាលពី​សប្តាហ៍​មុន​នៅឯ​ស្ថានទូត​អ៊ីស្រាអែល​នៅ​ទីក្រុង​មូ​ស្គូ​។ គាត់​បាន​ប្រឈម​នឹង​ការពន្យារពេល​ក្នុង​ការបន្ត​ទិដ្ឋាការ​ស្នាក់នៅ​ចក្រភព​អង់គ្លេស​របស់គាត់​។​

​អ្នកនាំពាក្យ​របស់គាត់​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​ដែលថា គាត់​ទទួលបាន​សញ្ជាតិ​អ៊ីស្រាអែល​នោះទេ​។​

​លោក អា​ប្រា​ម៉ូ​វិច អាយុ ៥១ ឆ្នាំ នឹង​ក្លាយជា​អ្នកមាន​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​។​

​ទិដ្ឋាការ​វិនិយោគិន​នៅ​អង់គ្លេស​របស់គាត់​បាន​បាន​ផុតកំណត់​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស​បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​បុគ្គល​របស់គាត់​នោះទេ​។​

​ការពន្យារពេល​ក្នុង​ការចេញ​ទិដ្ឋាការ​ថ្មី​ដល់​រូបលោក​បានកើត​ឡើង​ចំពេល​មានការ​កើនឡើង​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​និង​ក្រុង​មូ​ស្គូ បន្ទាប់ពី​ការបំពុល​លោក​សឺ​ហ្គី ស្គ្រី​ប៉ាល់ អតីត​អ្នក​ស៊ើបការណ៍​រុស្ស៊ី នៅក្នុង​ប្រទេស​អង់គ្លេស​ភាគខាងត្បូង​។​

​លោក អា​ប្រា​ម៉ូ​វិច មិនបាន​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នៅឯ​កីឡដ្ឋាន Wembley កាលពី​ដើមខែ​នេះ​ទេ នៅពេល Chelsea ផ្តួល​ក្រុម Manchester United​។​

​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​និយាយថា គាត់​ត្រូវបាន​គេ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ក្រោម​ច្បាប់​ស្តីពី​ការ​ត្រឡប់មកវិញ ដែល​អនុញ្ញាតឱ្យ​ជនជាតិ​ជ្វី​ហ្វ​ក្លាយជា​ពលរដ្ឋ​អ៊ីស្រាអែល​។​

​កាសែត Times of Israel បាន​និយាយថា ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា លោក​អា​ប្រា​ម៉ូ​វិច បាន​មកដល់​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​ឧសភា ហើយ​ថា​លោក​បានធ្វើ​អន្តោប្រវេសន៍​ទៅកាន់​ប្រទេស​នេះ​។​

​គាត់​គឺជា​ភ្ញៀវ​ញឹកញាប់​ទៅកាន់​ប្រទេស​អ៊ីស្រាអែល និង បាន​ទិញ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​តែ​ល​អា​វីវ ក្នុង​ឆ្នាំ ២០១៥ ដែល​របាយការណ៍​បាន​និយាយថា គាត់​បានប្រែក្លាយ​សណ្ឋាគា​រ​នោះ​ទៅជា​លំនៅដ្ឋាន​របស់គាត់​។​

​អ្នក​កាន់​លិខិតឆ្លងដែន​ជនជាតិ​អ៊ីស្រាអែល​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប្រទេស​អង់គ្លេស​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់នៅ​រយៈពេល​ខ្លី​។​

​យោងតាម​ទស្សនា​វ​ដ្តី Forbes បានឱ្យដឹងថា លោក​អា​ប្រា​ម៉ូ​វិច​មានទ្រព្យ​សម្បត្តិ ១១,៥ ពាន់​លាន​ដុល្លារ​។ ការផ្លាស់ប្តូរ​នេះ​អាច​ផ្តល់​ផលចំណេញ​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ថ្មីថ្មោង​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នៅ​បរទេស​ក្នុង​រយៈពេល ១០ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី ម្ចាស់​ក្លិប​តោ​ខៀវ Chelsea លោក រ៉ូ​ម៉ាន់ អា​ប្រា​ម៉ូ​វិច