ម្ចាស់​ក្លឹប​Leicester​ត្រូវ​សង្ស័យថា​ស្លាប់​ក្នុងការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​

2835
ចែករម្លែក

ម្ចាស់ក្លឹបLeicester Cityសញ្ជាតិថៃកំពុងត្រូវគេសង្ស័យថាស្លាប់កាលពីថ្ងៃអាទិត្យ ក្រោយឧទ្ធម្ភាគចក្រមួយរបស់មហាសេដ្ឋីរូបនេះ ធ្លាក់ឆេះនៅក្នុងកន្លែងចតរថយន្តរបស់កីឡាដ្ឋាន ក្រោយលោកជិះឧទ្ធម្ភាគចក្រចេញពីកន្លែងប្រកួតកាលពីល្ងាចថ្ងៃសៅរិ៍។

អ្នកជំនួញថៃលោកវិឆៃ ដែលបានជះលុយរាប់លានចូលក្នុងក្លឹប តែងជិះឧទ្ធម្ភាគចក្រចូលទស្សនាការប្រកួតនិងជិះចេញកីឡាដ្ឋានពេលចប់ការប្រកួត

ទាំងប៉ូលិសនិងក្លឹបមិនបានបញ្ជាក់អះអាងឬបដិសេធថាតើលោក វិឆៃ ស្រ៊ីវ៉ាតដាណាប្រាហា(Vichai Srivaddhanaprabha)ដែលតែងតែជិះឧទ្ធម្ភាគចក្រចូលនិងចេញពីកន្លែងកីឡាដ្ឋានរបស់ក្លឹបបានស្ថិតនៅក្នុងឧទ្ធម្ភាគចក្រដែរឬអត់នៅពេលវាធ្លាក់ដោយសារប្រហែលមកពីបញ្ហាម៉ាស៊ីននៅកង្ហារក្រោយ។

តែសារព័ត៌មានBBC, Sky Newsនិងកាសែតអង់គ្លេសជាច្រើននិយាយថា បុរសវ័យ៦០ឆ្នាំរូបនេះ និងមនុស្ស ៣-៤នាក់ទៀតរួមមានកូនស្រីរបស់លោក បានឡើងជិះឧទ្ធម្ភាគចក្រពណ៌សខៀវក្រោយពីក្លឹបទាត់ស្មើ១-១ជាមួយ West Ham។

Leicester Cityគ្រាន់តែបាននិយាយថាខ្លួនជួយប៉ូលិសស៊ើបអង្កេតគ្រោះថ្នាក់ធំ និងក្រុមហ៊ុន King Powerរបស់លោកវិឆៃក៏មិនបាននិយាយយ៉ាងណាដែរ។ទោះជាយ៉ាងណាបណ្តាក្លឹបPremier Leagueដែលប្រកួតកាលពីយប់ថ្ងៃអាទិត្យសុទ្ធតែបានធ្វើការស្មឹងស្មាតមួយនាទីមុនធ្វើការប្រកួត រីឯអ្នកគាំទ្រក្លឹបបាននាំគ្នាយកផ្កាទៅដាក់នៅកន្លែងកើតហេតុ។អ្នកបន់ស្រន់និងពាក្យសម្តីសរសើរក៏ហូរចូលមកពីពាសពេញអង់គ្លេសនិងហួសពីនេះសំរាប់ម្ចាស់ក្លឹបសញ្ជាតិថៃរូបនេះដែលបានជួយអោយក្លឹបដណ្តើមបានតំណែងជើងឯកPremier Leagueនៅឆ្នាំ២០១៦។

វិឆៃ បានទិញ Leicester City នៅឆ្នាំ២០១០និងបានក្លាយជាប្រធានក្លឹប ដោយបានចំណាយប្រាក់រាប់លាននិងក្លាយជាបុគ្គលគួរអោយស្រឡាញ់នៅក្នុងក្លឹបនិងទីក្រុងរបស់អង់គ្លេស។គឺនៅក្រោយលោកទិញក្លឹបនេះហើយដែល Leicesterបានសាងប្រវត្តិសាស្រ្តក្នុងប្រវត្តិបាល់ទាត់អង់គ្លេស គឺឈ្នះតំណែងជើងឯកPremier Leagueឆ្នាំ ២០១៥/២០១៦៕ដោយ៖វាសនា

សារព័ត៌មានអង់គ្លេសនិយាយថា ម្ចាស់ក្លឹប​Leicester City​បានឡើងជិះឧទ្ធម្ភាគចក្រក្រោយការប្រកួត

ដាក់ផ្កានិងនាំគ្នាស្មឹងស្មាតទោះជាមិនទាន់មានការបញ្ជាក់ថាតើមានជនរងគ្រោះដែរឬអត់ក្នុងការធ្លាក់នេះ

កូនស្រីរបស់លោកវិឆៃ ត្រូវបានសារព័ត៌មានចុះផ្សាយថាបានជិះក្នុងឧទ្ធម្ភាគចក្រនេះដែរក្រោយទស្សនាការប្រកួត

​វិឆៃ បាន​ទិញ Leicester City នៅ​ឆ្នាំ​២០១០​និង​បានជួយអោយក្លឹបឈ្នះ​តំណែង​ជើងឯក​Premier League​ឆ្នាំ​២០១៥/២០១៦