ម្ចាស់​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត​ស្នើសុំ​បុត្រា​ច្បង គឺ​ព្រះអង្គម្ចាស់​ឆាល ដាក់​កម្រ​ផ្កា​នៅ​វិមាន​រំលឹក​ខួប​សង្គ្រាម ជំនួស​ទ្រង់ ដោយ​រំលង​ចោល​ប្រពៃណី​ចាស់​

565

ម្ចាស់​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត​ព្រះជន្ម ៩១ វស្សា​របស់​ចក្រភព​អង់គ្លេស ស្នើសុំ​បុត្រា​ច្បង​របស់​ទ្រង់ គឺ​ព្រះអង្គម្ចាស់​ឆាល ដាក់​កម្រងផ្កា ជំនួស​ទ្រង់​នៅ​វិមាន​រំលឹក​សង្គ្រាម​ដ៏​ធំ​នៅ​ទិវា Remembrance Sunday (​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ១២ វិច្ឆិកា​) នៅ​ទីក្រុង​ឡុង​ដ៍ ដោយ​រំលង​ប្រពៃណី ដែល​ធ្លាប់តែ​ទ្រង់​ផ្ទាល់​ជា​អ្នក​ដាក់​កម្រ​ផ្កា​។​

​ព្រះមហា​ក្សត្រិយានី​អង្គ​នេះ​នឹង​ទត​មើល​ពិធី​ដាក់​បាច់ផ្កា​ដ៏​វែង​នៅ​វិមាន​រំលឹក​វិញ្ញាណក្ខន្ធ សេ​ណូ​តាប (Cenotaph) នៅ​ផ្លូវ Whitehall កណ្តាល​ក្រុង​ឡុង​ដ៍​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ពី​យ៉រ​នៃ​ការិយាល័យ​បរទេស​នៅក្បែរនោះ ជាមួយ​ព្រះ​ស្វាមី​របស់​ទ្រង់ គឺ​ព្រះអង្គ​ហ្វី​លី​ព ដែលមាន​ព្រះជន្ម ៩៦ វស្សា​។​

​ព្រះរាជវាំង​បាក់​ឃី​ង​ហ៊េ​ម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​តាម​ការស្នើសុំ​របស់​ព្រះមហា​ក្សត្រិយ៍ បាច់ផ្កា​នឹងត្រូវ​ដាក់ជំនួស ដោយ​ព្រះអង្គម្ចាស់​នៃ​ប្រទេស​វែ​ល (​សំដៅលើ​ព្រះអង្គម្ចាស់​ឆាល​)”​។​

​គួរ​បញ្ជាក់ថា ម្ចាស់​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត ខកខាន​ដាក់​កម្រងផ្កា ៦ ដង​គត់ ក្នុងការ​គ្រងរាជ្យសម្បត្តិ ៦៥ ឆ្នាំ​របស់​ទ្រង់ ក្នុងនោះ​ខកខាន​បួន​លើក ដោយសារ​ទ្រង់​ជាប់​បំពេញ​ព្រះ​រាជ្យ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្គា​ណា ក្នុង​ឆ្នាំ ១៩៦១ ប្រទេស​ប្រេ​ស៊ី​ល ក្នុង​ឆ្នាំ ១៩៦៨ ប្រទេស​កេ​ន​យ៉ា ក្នុង​ឆ្នាំ ១៩៨៣ និង ប្រទេស​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ ១៩៩៩​។

​ហើយ​ទ្រង់​ខកខាន​ពិធីបុណ្យ​នេះ​ពីរលើក​ទៀត​នៅ​ឆ្នាំ ១៩៥៩ និង​ឆ្នាំ ១៩៦៣ មុនពេល​សម្រាល​បុត្រ​ពីរ​អង្គ​របស់​ទ្រង់ ព្រះអង្គម្ចាស់​អែន​ឌ្រូ និង​ព្រះអង្គម្ចាស់​អេ​ដ​វ៉ាដ​៕ ដោយ៖ កញ្ញាដាលីស

ម្ចាស់​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត