ម្ចាស់​ជើងឯក​បាល់ទាត់​ពិភពលោក ៤ សម័យ អ៊ីតាលី ជ្រុះ​ចេញពី​ការប្រកួត​ឆ្នាំ ២០១៨ នៅ​រុស្ស៊ី បន្ទាប់ពី​ចាញ់​ស៊ុយអែត​

365

​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស៊ុយអែត​បាន​ទម្លាក់​ម្ចាស់​ជើងឯក​បាល់ទាត់​ពិភពលោក ៤ សម័យកាល​អ៊ីតាលី​ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ១-០ ក្នុងការ​ប្រកួត Play-offs កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៣ វិច្ឆិកា​។​

​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុមបាល់ទាត់​អ៊ីតាលី​ខកខាន​ការប្រកួត​ដណ្តើមពាន​រង្វាន់​បាល់ទាត់​ពិភពលោក (World Cup) គិត​ចាប់តាំងពី​ឆ្នាំ ១៩៥៨ មក បន្ទាប់ពី​ចាញ់ ១-០ នៅ​ជើង​ទីមួយ​នៅ​ទឹកដី​ស៊ុយ​អ៊ែត និង ០-០ នៅ​ទឹកដី​អ៊ីតាលី​។​

​បរាជ័យ​នេះ​ក៏​មានន័យថា ជាទី​បញ្ចប់​នៃ​អាជីព​ជម្រើសជាតិ​របស់​កីឡាករ​ចាំទី បា​ហ្វ​ហ្វុ​ន ផងដែរ​។

​និយាយ​ទាក់ទិន​នឹង​កីឡាករ​ចា​កូប ចូ​ហាន​សុន ដែល​ស៊ុត​ទម្លាយ​សំណាញ់​១​គ្រាប់​គត់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ្នកចាំទី​អ៊ីតាលី​អាយុ ៣៩ ឆ្នាំនេះ​បាន​និយាយថា “​ខ្ញុំ​មិន​សុំទោស​សម្រាប់​ខ្លួន​ខ្ញុំ​ទេ គឺ​សុំទោស​ចំពោះ​បាល់ទាត់​អ៊ីតាលី​ទាំងមូល​។ យើង​បាន​ខកខាន​ព្រឹត្តិការណ៍​មួយ ដែល​មានន័យថា​ជា​អ្វីមួយ​នៅ​កម្រិត​សង្គម​ដែរ​។ ពិតជា​សោកស្តាយ​ណាស់​ដែល​បញ្ចប់ទៅ​ដូច្នេះ​”​។

​បា​ហ្វ​ហ្វុ​ន ដែលជា​ជ័យលាភី​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០០៦ និយាយថា បាល់ទាត់​ជា​អ្នកកំណត់​ន័យ​ឱ្យ​ប្រទេស​អ៊ីតាលី និង​ជា​អ្នក​ជួយ​បង្រួបបង្រួម​ប្រទេស នៅពេល​ជម្រើសជាតិ​ទទួលបាន​ជោគជ័យ​៕ ដោយ៖ កញ្ញាដាលីស

អ៊ីតាលី​ខកខាន​ការប្រកួត​វើ​ល​ខាប់​ជា​លើកដំបូង គិត​ចាប់តាំងពី​ឆ្នាំ ១៩៥៨