ម្ចាស់​ដី​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​ចូល​រំលោភ​ដីធ្លី​នៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ដោយបាន​ស្នើ​ទៅ​អាជ្ញាធរ​និង​ជំនាញ​

493
ចែករម្លែក
  • 60
    Shares

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: ម្ចាស់​ដី​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​ចូល​រំលោភ​ដីធ្លី នៅ​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក លី អ៊ុត​នី ជា​ម្ចាស់​ដី​ដែល​បាន​ទិញ​ពីសា​ម៉ី​ខ្លួន​ម្ចាស់ចំណែក​ដី​របប​ពី​អតីត​ទាហាន​ឧទ្ទាម​ខ្មែរក្រហម​វរៈ​៦៧៣ នៃ​កងពលធំ​លេខ​២១ (​ពីមុន​ខ្មែរក្រហម​សមាហរណកម្ម គឺជា​កងពលធំ​លេខ​៤៥០ រណសិរ្ស​សមរភូមិ​ស៊ីសូផុន​ខាងត្បូង តំបន់​ម៉ាឡៃ​) បច្ចុប្បន្ន​ស្ថិតនៅ​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​។ ដី​នោះ​ស្ថិតនៅ​ជាប់​នឹង​ដីរ​បបវរ​:៦៧២ ដែល​លោក​បាន​ទិញ​អស់​រួចហើយ និង​អតីត​ដី​របប​កងពល​នោះ នៅ​ម្តុំ​បឹង​ក្របៅ ។ ហើយ​នៅ​ដើមឆ្នាំ​២០១៩ នេះ លោក​ក៏បាន​ទិញ​បន្ត​ចំណែក​របប​ដី​ពលទាហាន​វរៈ​៦៧៣​។ គឺ​ដី​របប​វរៈ​៦៧២ និង​វរៈ​៦៧៣​មាន​ទំហំ​១០៦​ហិកតា ហើយ​ត្រូវ​បែងចែក​ដល់​ពលទាហាន និង​គ្រួសារ​ចំនួន​១០៦​គ្រួសារ ។ ក្នុងនោះ​វរៈ​៦៧២ បាន​៥២​ហិកតា និង​វរៈ​៦៧៣​បាន​៥៤​ហិកតា​។​

​ការទទួលបាន​និង​បែងចែក​របប​នេះ ដោយយោង​កំណត់ហេតុ​ស្តីពី​ការព្រមព្រៀង​បញ្ចប់ទំនាស់​ដីធ្លី រវាង​អតីត​ទាហាន​ឧទ្ទាម​ខ្មែរក្រហម​(​វរ​សេនា​តូច​លេខ​៦៧២(D672) និង​វរ​សេនា​តូច​លេខ​៦៧៣(D673) កងពលធំ​លេខ​២១​ឬ​F21 (​មុន​ឆ្នាំ​១៩៩៦ គី​ជា​កងពលធំ​លេខ​៤៥០ រណសិរ្ស​នៃ​សមរភូមិ​ស៊ីសូផុន​ខាងត្បូង​) ជាមួយ​ក្រុមហ៊ុន​លី អ៊ុត​នី នៅ​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៥ នៅ​សាលាស្រុក​ម៉ាឡៃ​។​

​ជាងនេះទៅទៀត ការសម្រុះសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ ក៏​យោងតាម​លិខិត​សេចក្តីជូនដំណឹង​លេខ​១៥៥៣​សជណ ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ក្នុង​កិច្ចព្រមព្រៀង​នោះ តំណាង​វរៈ​៦៧២ គឺ​លោក ព្រំ វណ្ណៈ និង​លោក មិន ធី​។ តំណាង​វរៈ​៦៧៣ គឺ​លោក​ឃៀង ហ៊ុល និង​លោក​ភោគ គឹម​ជា (​ហើយ​មាន​លោក​វរសេនីយ៍​ព្រាប សារុន អតីត​បញ្ជា​ការរង​ក​ង​ពល​ធំ​លេខ​២១(D21) និង​ជា​មេ​ពីលើ​វរ​:​ទាំង​២​និង​ប​ច្ចប្ប​ន្ន​ជា​រង​បញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ជា​សាក្សី​) និង​តំណាង​ក្រុមហ៊ុន​គឺ​លោក​លី អ៊ុត​នី​។ ពោលគឺ​ភាគី​ទាំង​២ ក៏​ឯកភាពគ្នា​រួចមកហើយ​លើ​កំណត់ហេតុ​ស្តីពី​ការប្រគល់ ទទួល​ដី​ទំហំ​១០១​ហិច​តា​៧៨​អា ជូន​អតីត​គ្រួសារ​យោធិន​អង្គ​ភាពវរ​:​សេនា​តូច​លេខ​៦៧២​និង​វរ​:៦៧៣ ពិតប្រាកដ​ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅត្រង់​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ចុះ​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៤ ផងដែរ​។ ពី​នោះមក ភាគី​ទំនាស់​ទាំង​២​បាន​ស្រុះស្រួល​គ្នា​។ ប៉ុន្តែ ដោយ​ចំណែក​ដី​ក្នុង​១​គ្រួសារៗ​មានតែ​១​ហិកតា អតីត​គ្រួសារ​យោធិន​នៃ​វរ​:៦៧២ គឺ​សា​ម៉ី​ខ្លួន​១​គ្រួសារៗ​ក៏​ស្នើ​និង​យល់ព្រម​លក់​ដី​ចំណែក​នៃ​របប​ខ្លួន​ទាំង​៥២​គ្រួសារ ស្មើ​ទំហំ​៥២​ហិកតា ឲ្យ​លោក​លី អ៊ុត​នី​។ ចំណែក​សា​ម៉ី​ខ្លួន​គ្រួសារ​យោធិន​វរ​:៦៧៣ ចំនួន​២៩​គ្រួសារ​ស្មើនឹង​ដី​ទំហំ​២៩​ហិកតា លើ​៥៤​គ្រួសារ​ស្មើនឹង​៥៤​ហិកតា ក៏​ព្រម​លក់​ដី​របប​របស់ខ្លួន​ឲ្យ​លោក លី អ៊ុត​នី ដែរ​។ ភាគី​ទាំង​២ ក៏បាន​ព្រមព្រៀង​ជា​លាយលក្ខន៍អក្សរ ផ្តិតមេដៃ សាក្សី​និង​ប្រគល់ ទទួល​លុយ​តាម​តម្លៃ​ដី​ដែល​ឯកភាព​ហើយ​ដែរ​។​

​ប៉ុន្តែ​ក្រុមការងារ​លោក លី អ៊ុត​នី បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្មីៗ​នេះ​ថា ចលនា​របស់លោក​វរ​:​សេនីយ៍​ព្រាប សារុន រង​បញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ (​អតីត​រង​បញ្ជាការ​កងពលធំ​លេខ​២១ ម៉ាឡៃ​) និង​បក្ខពួក​បាន​ញុះញង់​ឲ្យ​អតីត​គ្រួសារ​យោធិន​ខាងលើ និង​មនុស្ស​ផ្សេងទៀត ប្រើ​គ្រឿងចក្រ​ចូលទៅ​រំលោភ​យក​ដី នៃ​ចំណែក​របប​ដី​ដែល​ព្រមព្រៀង​លក់ដូរ​ទៅហើយនោះ ដោយ​ខុសច្បាប់​កាលពីដើម​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​។

​ក្រុមការងារ​បាន​ព្រមាន​ថា បើ​សកម្មភាព​រំលោភបំពាន​នោះ មិន​ព្រម​ដកថយ និង​បញ្ឈប់​ដោយ​គ្មាន​លក្ខខណ្ឌ​ទេនោះ លោក លី អ៊ុត​នី នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​។ ជាមួយគ្នា​នោះ លោក​ក៏​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក ខេត្ត និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​អន្តរាគមន៍​ដោះស្រាយ​បាតុភាព​នេះ​ជាបន្ទាន់ ព្រោះ​ជា​សកម្មភាព​នេះ​បង្ក​ខូច​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម និង​ភាព​អានាធិបតេយ្យ ដែល​ផ្គើន​នឹង​លិខិត​សេចក្តីជូនដំណឹង​លេខ​១៥៥៣​សជណ ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក៏​បំពាន​នឹង​កំណត់ហេតុ ស្តីពី​ការព្រមព្រៀង​បញ្ចប់ទំនាស់​ដីធ្លី​រវាង​អតីត​ទាហាន​ឧទ្ទាម​ខ្មែរក្រហម (​វរ​សេនា​តូច​លេខ​៦៧២(D672) និង​វរ​សេនា​តូច​លេខ​៦៧៣(D673) ជាមួយ​ក្រុមហ៊ុន​លី អ៊ុត​នី នៅ​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៥ និង​កំណត់ហេតុ​ស្តីពី​ការប្រគល់ ទទួល​ដី​ទំហំ​១០១​ហិកតា​៧៨​អា ជូន​អតីត​គ្រួសារ​យោធិន​អង្គភាព​វរៈ​សេនា​តូច​លេខ​៦៧២ និង​វរៈ​៦៧៣ ពិតប្រាកដ ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅត្រង់​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ចុះ​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៤ ផងដែរ​។​

​លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ​ប្រាប់​កាសែត​រស្មី​កម្ពុជា ល្ងាច​ថ្ងៃទី​១៣​ខែកុម្ភៈ​ថា​: បាតុភាព​អាណាធិបតេយ្យ​នេះ ក៏​ជា​ឥទ្ធិពល​ដែល​រាលដាល​ពី​កន្លែង​មាន​ដី​ទំនាស់​ផ្សេងទៀត​ក្នុងស្រុក​ម៉ាឡៃ ក៏ដូចជា​នៅ​ខេត្ត​ផ្សេងទៀត​។ ប៉ុន្តែ​លោក​អះអាងថា : អាជ្ញាធរ​និង​ជំនាញ​នឹង​សហការ​ជាមួយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​ផ្លូវច្បាប់​លើ​ចលនា​ទៅ​រំលោភ​យក​ដី​លោក​លី អ៊ុត​នី​នៅ​ភូមិ​អូរ​អំពិល ក៏ដូចជា​នៅ​ភូមិ​ផ្សេងទៀត​ក្នុង​ឃុំ​ទួល​ពង្រ​និង​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ​៕