ម្ចាស់​បទ “​ទាល់តែ​យូរ ទើប​ស៊ី​អូន​បាន​” ឡើងផ្ទះ​ថ្មី​និង​ប្រកា​សរក​ទ្រនំ​ថ្មី​

833

(​ភ្នំពេញ​)៖​កាលពី​ល្ងាច​ថ្ងៃទី​១៩ កក្កដា ម្ចាស់​បទ “​ទាល់តែ​យូរ ទើប​ស៊ី​អូន​បាន​” កញ្ញា​ច័ន្ទ ម៉ាលី​ស ត្រូវគេ​ឃើញ​តែងខ្លួន​មិន​ចាញ់​​រា​ជនី​នោះឡើយ នៅក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នាង ស្ថិតក្នុង​ភូមិ​ព្រៃ​មាស ឃុំ​អង្គ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ជាមួយនឹង​ការ​​ប្រកាស​រក​ទ្រនំ​ផលិតកម្ម​ថ្មី​។​

​តារាចម្រៀង​រូបនេះ​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រមាណ​៥០០​នាក់ ដែល​ក្នុងនោះ​ក៏មាន​វត្តមាន​ពិធីករ តារាចម្រៀង​ល្បីៗ​និង​ក្រុម​កំប្លែង​យ៉េ​យ៉េ​ទៅ​រាំ​ក្រឡុក​ដល់ទី​នោះ​ដើម្បី​អបអរ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ។​

​កញ្ញា​ច័ន្ទ ម៉ាលី​ស បានឱ្យដឹងថា ពិធី​ឡើងផ្ទះ​នេះ គឺ​បាន​សាងសង់​មួយ​ចំហៀង​ម្នាក់​នឹង​ភោជនីយដ្ឋាន​របស់​នាង​ដែល​ឪពុកម្ដាយ​បាន​​ប្រគល់​ឱ្យមើល​ខុសត្រូវ កាលពី​ថ្ងៃ​ខួបកំណើត​នោះ ។ នៅ​ពិធី​នេះដែរ នាង​បាន​អញ្ជើញ​ភ្ញៀវ ច្រើនជាង​សមាជិក​ក្នុង​គ្រួសារ​នាង ។ ​នាង​អះអាងថា ផ្ទះ​នោះ​ជា​ផ្ទះ​រួម តែ​នាង​គឺជា​កូនស្រី​ម្នាក់​ដែលមាន​សិទ្ធិ​គ្រប់យ៉ាង​ក្នុងការ​រស់នៅ ទើប​នាង​ឈរឈ្មោះ​ជា​អ្នក​អញ្ជើញ​ភ្ញៀវ ដោយបាន​ទាំង​អញ្ជើញ​តារា ឱ្យទៅ​ច្រៀង​រាំ​ឡើង​ផ្អើល​នៅក្នុង​ពិធី​នោះ​ផង ។​

​តារាចម្រៀង​ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​បទ “​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​” រូបនេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​នាង​ប្រហែលជា​មិនសូវមាន​​ពេល​ឡើង​ចុះ​ផ្ទះ​ថ្មី​និង​គ្រប់​គ្រង់​ភោជនីយដ្ឋាន​នៅឯ​ស្រុកកំណើត​ទេ​ដោយសារតែ​ថ្មីៗ​នេះ​នាង​ទើប​បើកហាង​សាឡ​ន​មួយ​នៅ​ជិត​​ហាង​ប៉ា​រ៉ា​ឌី ម្ដុំ​ទួល​ទំពូង គឺ​នាង​ត្រូវ​គ្រប់គ្រង​ពង្រឹង​ហាង ឲ្យ​ដំណើរការ​រលូន​សិន​។​

​ប៉ុន្តែ​ក្រោយពេល​ឈប់​ពី​ផលិតកម្ម​BN ម៉ាលី​ស បាន​ឲ្យ​ដឹងថា​នាង​មិនទាន់​ចូល​ច្រៀង​នៅ​ផលិតកម្ម​ថ្មី ណាមួយ​ទេ​តែ​ពុំ​បានន័យថា នាង​បោះបង់​អាជីព​ចម្រៀង​នោះទេ​ពោលគឺ​នាង​នៅតែ​ស្រលាញ់​អាជីព​លក់​សំឡេង​ហើយ​នាង​និង​ធ្វើ​បទ​ថ្មីៗ​ផ្ទាល់ខ្លួន​ដើម្បី​ប្រជែង​​ការគាំទ្រ​៕ដោយ៖បូរិន