ម្ចាស់​ប្រកាស​ផ្តល់​រង្វាន់​ច្រើន​ម៉ឺន​ដុល្លារ សម្រាប់​ការប្រគល់​កូន​ឆ្កែ​ដែល​ចោរប្លន់​យកទៅ​

907
ចែករម្លែក

បុរស​ម្នាក់​បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​រហូតដល់​ទៅ ៥០.០០០ ផោន (៦៣.៥០០ ដុល្លារ​អាម៉េរិក​) សម្រាប់​ការប្រគល់​ឱ្យ​វិញ​ដោយ​សុវត្ថិភាព​នូវ​កូន​ឆ្កែ​ទាំង ១១ ក្បាល​របស់ខ្លួន​ដែល​ត្រូវ​ក្រុមចោរប្លន់​យកទៅ​។

​លោក ម៉ាក អ័​រលី (Mark Orley) និយាយថា កូន​ឆ្កែ​របស់គាត់​ដែល​ត្រូវ​ចោរប្លន់​ពី​ឡូ​ថុ​ន (Loughton) តំបន់​អេ​ស៊ិ​ក (Essex) ប្រទេស​អង់គ្លេស “​អាច​នឹង​ងាប់​នៅ ២៤ ម៉ោង​ក្រោយ​” ព្រោះ​ពួកវា​នៅ​តូច​ណាស់ មិនទាន់​អាច​ផ្តាច់ដោះ​បានទេ​។

​គាត់​បានបញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​កថា មនុស្ស ៣ នាក់​បាន​គំរាមកំហែង​កូនប្រុស​របស់គាត់ ហើយ​បន្ទាប់មក​ក៏​ធ្វើ​សកម្មភាព​ប្លន់​យក​កូន​ឆ្កែ​ទាំងនោះ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

​ប៉ូលិស​និយាយថា បុរស​ម្នាក់​ជា​អ្នក​គោះទ្វារ​មុខ ឯ​ពីរ​នាក់​ទៀត​បាន​សម្រុក​ចូលក្នុង នៅពេល​ក្មេងប្រុស​វ័យ​ទំ​ទង់​ខាងលើ​បើកទ្វារ​ភ្លាម​។

​ពេលនោះ​ក្រុមចោរ​បាន​គំរាមកំហែង​ក្មេងប្រុស​រងគ្រោះ ហើយ​ប្លន់​យក​កូន​ឆ្កែ​ទាំង ១១ ក្បាល​នៅ​ម៉ោង​ប្រមាណ ២ រសៀល​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​។ ក្រុមចោរ​ក៏បាន​ប្លន់​យក កាបូប​យួរដៃ​ពីរ និង​ទូរស័ព្ទដៃ​មួយគ្រឿង​ផងដែរ​។

​ពេលនេះ​ប៉ូលិស​កំពុង​អំពាវ​នាង​ឱ្យ​សាក្សី និង​អ្នក​ដែលមាន​រូបភាព​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ ពី​សកម្មភាព​មុខសញ្ញា​ក្រុមចោរ​ខាងលើ​ទូរស័ព្ទ​ទៅ​លេខ ១០១ ដើម្បី​រាយការណ៍​ប្រាប់ សមត្ថកិច្ច​៕ ប្រែ​សម្រួល​: ខុម​