ម្ចាស់​មេដាយសំរិទ្ធ​ស៊ី​ហ្គេម​ឡើង​សង្វៀន​ស្ដារ​ឈ្មោះ​ឡើងវិញ​

979
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ម្ចាស់​មេដាយសំរិទ្ធ​ស៊ី​ហ្គេម​ប្រដាល់​គុន​ខ្មែរ​ទម្ងន់​៥៤​គីឡូក្រាម​កម្ពុជា វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា នឹង​ឡើង​សង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​១៩​ឧសភា ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឃុ​ម ឡេ​ក (Khum Lek)​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ដណ្ដើមបាន​មេដាយសំរិទ្ធ ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​មក វ៉ាន់ វឿន ហាក់ដូចជា​ជួប​បរាជ័យ​រហូត​។ ចំណុចខ្សោយ​របស់​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ គឺ​ជើង​ក្រោម ហើយ​សព្វថ្ងៃនេះ​គេ​កំពុងតែ​ហ្វឹកហាត់​នៅក្នុង​ក្រុម​ជម្រើសជាតិ​។ ពេលនេះ​កម្លាំង និង​កលល្បិច​របស់គេ​ល្អប្រសើរ​ជាង​មុន​ច្រើន​ហើយ​។​

​វ៉ាន់ វឿន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៤​ដង ឈ្នះ​៥១​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ ២​ដង​។ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​។​

​ឃុ​ម ឡេ​ក គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​ដង ឈ្នះ​៥២​ដង ចាញ់​៩​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ ជំនួប​មួយ​នេះ វ៉ាន់ វឿន ត្រូវការ​ឈ្នះ​ដើម្បី​ស្ដារ​មុខមាត់​ឡើងវិញ តែ​មិនដឹងថា​គេ​អាចធ្វើ​បានសម្រេច ឬក៏​យ៉ាងណា​នោះឡើយ​។​

​សែម ណា​ង ក្លិប​សាល​វ័​ន្ដ​កីឡា ដែល​ពេលនេះ​កំពុងតែ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ដែរនោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កង កាង​វ៉ាន (Kong Kangwan) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ជួប​ប្រកួត​គ្នា​។ សំណាង មួយរយៈ​នេះ គេ​កំពុងតែ​រីកចម្រើន​ខ្លាំងណាស់ ពិសេស​ស្នៀត​ជង្គង់​របស់គេ​អាច​វ៉ៃ​ចេញ​បាន​គ្រប់​ស្ថានភាព​ជំហរ​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៦២​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ៣​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ កង កាង​វ៉ាន វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​ដង ឈ្នះ​៦៧​ដង ចាញ់​១៧​ដង​ស្មើ​ពិន្ទុ ១​ដង​។ គេ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ញឹកញាប់​ណាស់ គេ​ជា​អ្នក​ប្រដាល់​ដែល​មិន​ស្រួល​ទប់ទល់​នោះទេ​។ ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​?

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ភុ​ន សោ​ភ័​ណ្ឌ ក្លិប​នាគ​មានជ័យ ប្រកួត​ជាមួយ ឯក កៃ​ឈៀង ក្លិប​ម្កុដ​រាជសីហ៍ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។ ធន អៀង​ឡៃ សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ សំរាំង ភក្ដី ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​៕ ល​