ម្ចាស់​ស្ពាន​ប្រដឹស​កោះ​ប៉ែន​រៀបចំ​សង់ស្ពាន​ដែល​រង​ការខូចខាត​ពី​ជំនន់​ទន្លេមេគង្គ​ឡើងវិញ​

586
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ម្ចាស់​ស្ពាន​ប្រដឹស​ឫស្សី​កោះ​ប៉ែន កំពុង​មមាញឹក​រៀបចំ​ជួសជុល សាងសង់​ឡើងវិញ​លើ​ផ្នែក នៃ​ប្រវែង​ស្ពាន​ដែល​រង​ការខូចខាត បាក់​ដាច់ ដោយ​របប​ទឹកជំនន់​ទន្លេមេគង្គ​ខុសរដូវ រយ​:​ពេល​មួយ​សប្តាហ៍​នេះ​។ ដើម្បី​ទទួលភ្ញៀវ​មកលេង​កម្សាន្ត​ឲ្យ​ទាន់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម ដែល​នឹង​មកដល់​នា​ដើមខែ​កុម្ភ​: ឆ្នាំ​២០១៩​នេះ​។​

​លោក ប៊ុន ដា​រ៉ា ម្ចាស់​ស្ពាន​ឬ​ស្សី និង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​ប្រាប់​ដឹង​នៅ​ថ្ងៃទី ២២ មករា​នេះ​ថា ជុំវិញ​បញ្ហា​ទឹក​ជន់​លិច​ស្ពាន​ខូច​នេះ គឺ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​សំណូមពរ​ឲ្យ​ខាង​លោក​រៀបចំ​សង់ និង​ជួសជុល​ឡើងវិញ​ឲ្យ​បាន​លឿន ដើម្បី​ទទួលភ្ញៀវ​។ បន្ទាប់ពី​ឯកឧត្តម​បាន ចុះមក​ពិនិត្យ​ផ្ទាល់​កាលពី​រសៀល​ថ្ងៃទី ២១ មករា ២០១៩​។​

​លោក ដា​រ៉ា បាន​បញ្ជាក់ថា ឥឡូវ​លោក​បាន​បញ្ជា​ប្រមូល​ទិញ​ដើម​ឬ​ស្សី​ស្រុក​ចំនួន​ជាង​មួយ​ពាន់​ដើម ពី​ប្រជាពលរដ្ឋ​នៅលើ​កោះ​ប៉ែន​នេះ​។ បើទោះជា​ដើម​ឬ​ស្សី​មួយ​នេះ វា​មិន​ធន់​ជាប់​ដូចដើម​ឬ​ស្សី​ព្រៃ​ដែល​បាន​សាងសង់​ស្ពាន​រួច​ដំណើរការ​ទទួលភ្ញៀវ​បាន​ជិត​មួយខែ​ហើយ ត្រូវ​ទឹកជំនន់​ជន់​លិច​បំផ្លាញ​អស់​ប្រហែល​ពាក់កណ្តាល នៃ​ប្រវែង​សរុប​ចំនួន ៨០០ ម៉ែត្រ​ចំណាយ​ទុន​ប្រមាណ​ជិត​បី​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​។​

​ម្ចាស់​ស្ពាន​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ចំពោះមុខ​នេះ​ខាង​លោក​កំពុង​មមាញឹក​រុះរើ បំណែក​ស្ពាន​ដែល​ដាច់ចេញពី​តួ​ស្ពាន ដោយ​ជំនន់​ទឹកជំនន់​ទន្លេ​នេះ​អស់​ប្រហែល ៣០០ ម៉ែត្រ​។ បន្ទាប់ពី​នៅ​យប់​ថ្ងៃទី​២២ មករា​នេះ គឺ​ទឹកបាន​ឡើង​ខ្ពស់ជាង​ថ្ងៃ​ម្សិលមិញ ០,១៥ ម៉ែត្រ​។ ប៉ុន្តែ​ខាង​មន្ត្រី​ធនធានទឹក​បានផ្តល់​ដំណឹង​ថា នៅ​ខេត្តស្ទឹងត្រែង​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ចុះ ០,០៥ ម៉ែត្រ​។ ដូច្នេះ​យើង​អាច​ដំណើរការ​សាងសង់ និង​ជុស​ជុល​ស្ពាន​កោះ​ប៉ែន​ឡើងវិញ​ចាប់ពី​ថ្ងៃទី ២៥ មករា​ទៅ គឺ​ប្រហែល​១០​ថ្ងៃ នឹង​រួចរាល់ បានទទួល​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​ដូច​ធម្មតា​ឡើងវិញ​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ការ​ហក់​ឡើង​ទឹកទន្លេ​មេគង្គ​ខុសរដូវ​កាល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម ប្រជាពលរដ្ឋ ពិសេស​បង្ក​ឲ្យ​ខូចខាត​ស្ពាន​កោះ​ប៉ែន​នោះ គឺ​ដោយសារ​កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលើ នៃ​អាង​ទន្លេមេគង្គ​នៅ​ប្រទេស​ឡាវ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា នេះ​ជា​មូលហេតុ​ពិតប្រាកដ នៃ​ការ​ជន់​លិច​របស់​ទឹកជំនន់​ទន្លេមេគង្គ​នា​ប៉ុន្មាន​ថ្ងៃនេះ​។ ដោយ​ផ្ទុយ​ពី​ព័ត៌មាន​មួយចំនួន​ដែល​ស្តីបន្ទោស ពី​ការ​ទឹក​ជន់​លិច​នេះ​បណ្តាល​មក ពី​ការបើក​ទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី​សាន​ក្រោម​ពីរ គឺ​វា​មាន​ចំណែក​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ២២ មករា ២០១៩ ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​បាន​ស្រក​ចុះ​កម្ពស់ ០,០៣ ម៉ែត្រ​។ ខណ​:​ដែល​ទឹកទន្លេ​ដដែល​នេះ​បាន​បន្ត​ហក់​ឡើង​កម្ពស់ ០,១៥ ម៉ែត្រ​នៅ​ខេត្តកំពង់ចាម​។ ប៉ុន្តែ​ទឹកទន្លេ​នេះ​អាច​នឹង​ស្រក​ចុះ​នៅ​ខេត្តកំពង់ចាម​ក្នុង​ចន្លោះ​ពី​ពីរ ទៅ​បី​ថ្ងៃ​ខាងមុខ​ទៀត​៕