ម្ចាស់​ហាង​បញ្ចាំ ម្នាក់​ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន ពីបទ ទទួលផល​ចោរកម្ម​

865
ចែករម្លែក

​(ភ្នំពេញ): ម្ចាស់​ហាង​បញ្ចាំ​ម្នាក់ នៅ​ខណ្ឌ​សែន​សុខ ត្រូវ​លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ព្រះរាជអាជ្ញារង លោក ស៊ិន វីរៈ បាន​ចោទប្រកាន់​ពីបទ ទទួលផល​ចោរកម្ម​។

​ម្ចាស់​បញ្ចាំ​រូបនេះ​មានឈ្មោះ សុ​ត ពិសិដ្ឋ ភេទ​ប្រុស​ត្រូវ កម្លាំងចម្រុះ​របស់​ខណ្ឌ​សែន​សុខ មានការ​ចូលរួម​ពី​លោក ប៉ិល កុសល អភិបាលខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ក្រោយពេល​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ម៉ូតូ និង​រថយន្ត​របស់​ហា​ង​បញ្ចាំ​មួយកន្លែង ក្នុងភូមិ​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បាន​ប្រាប់ ថា មាន​មន្ត្រី និង​អ្នកជំនួញ​មួយចំនួន​បាន​ព្យាយាម​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង បុរស​ម្នាក់​ជា​ម្ចាស់​ទីតាំង ឃ្លាំង​ស្តុក​ម៉ូតូ និង​រថយន្ត​របស់​ហា​ង​បញ្ចាំ​នេះ​។ សមត្ថកិច្ច​បាន​បន្តថា ទោះ​ជាមាន​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ថ្នាក់​ណាក៏ដោយ អាជ្ញាធរ​គ្រប់​ជំនាញ នៅ​ខណ្ឌ​សែន​សុខ មិន​ហ៊ាន​លែង​ឈ្មោះ សុ​ត ពិសិដ្ឋ ដែលជា​ម្ចាស់​ទីតាំង​នោះបានទេ ដោយបាន​បញ្ជាក់ថា នេះ​ជា​បទបញ្ជា​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជាការ​សារ​ទរ​ពី​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ដើម្បី​ការពារ ប្រឆាំងនឹង​អំពើរ លួច ឆក់ ប្លន់ និង​បញ្ហា​សង្គម​ផ្សេងៗ​។​

​អភិបាលខណ្ឌ​សែន​សុខ លោក ប៉ិល កុសល បាន​បញ្ជាក់ថា ជា​លទ្ធផល​សម្រេចបាន​ក្នុង​ការងារ​ជា​តួរ​លេខ​ឃើញថា ម៉ូតូ​អត់​មាន​ឯកសារ ចំនួន​៥៤​គ្រឿង ក្នុងចំណោម​ម៉ូតូ​ចម្រុះ​៧៤​គ្រឿង​។ រថយន្ត​អត់​មាន​ឯកសារ​ចំនួន​២​គ្រឿង ក្នុងចំណោម​រថយន្ត​ចំនួន​១០​គ្រឿង​។ សមត្ថកិច្ច​បន្តទៀតថា ទាំង​ម៉ូតូ និង​រថយន្ត​អត់​មាន​ឯកសារ​គ្រប់គ្រាន់​នោះ ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត យកទៅ​រក្សា​ទុកជា​បណ្តោះ​អាសន្ន​៕L ដោយៈ ស​រិ​ទ្ធ​