ម្ចាស់​ហាយ​ឡិន​ឌ័​រ​ស្រវឹងស្រា​ បើក​បុក​ខឿន​ចែកផ្លូវ​ ហើយ​រេ​ចង្កូត​ទៅបុក​ជញ្ជាំង​ផ្ទះ​លក់​ទូរ​ស័ព្ទ ទៅមុខ​លែងរួច​

556
ចែករម្លែក

ដោយៈ សាវ​រក្ស​:ភ្នំពេញ ៖ បុរស​២​នាក់​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​បោះពួយ​យ៉ាង​លឿន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ទៅបុក​ខឿន​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​រេ​ចង្កូត​មក​ខាងស្តាំ​វិញ​បន្ត​ទៅបុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ធ្លាយ​ក្បាល​ចេញ​មួយ​កំណាត់​ រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្កឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​

​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលងអធ្រាត្រឈានចូល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧​ចំណុចមុខ​ផ្សារស្ទឹងមានជ័យ​ចាស់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់ ​រួម​ដំណើរ​នឹង​បុរស​ម្នាក់ទៀត​ស្រវឹងស្រា​ជោក បាន​បើករថយន្ត​ហាយ​ឡេ​ន​ឌ័​រ​មួយគ្រឿង ព​ណ៌ទឹកមាស មិនមាន​ផ្លាក​លេខ ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ខឿន​ចែកផ្លូវ​បណ្ដាល​ឲ្យ​ខូចខាត​បែក​៣​ដុំ​ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​វិញ​ ​ដោយ​តៃកុង​បាត់បង់​ម្ចាស់ការ​ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះ​លក់​ទូរ​ស័ព្ទដៃ យីហោ ខេ​ម មួយ​អុី ​ពេញទំហឹង​​ ទំម្លុះ​ក្បាល​រថយន្ត​មួយ​កំណាត់​មុខ​ចេញមក​ម្ខាង​ទៀត​និង​ដាច់​កង់​មុខ​ខាងឆ្វេង​ទៅមុខលែងរួច​។​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​នរ​ណា​ម្នាក់រងរបួស​ឬក៏​ស្លាប់​នោះទេ​។​

​ក្រោយ​កើតហេតុ​​​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ទៅ​ជំនាញ​មក​វាស់វែង​យក​រថយន្ត​បង្កទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​ស្នងការ​ដ្ឋា​នរាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​Ha

#