ម្តាយ​ចិន​លក់​កូនភ្លោះ​ជាង ៩០០០ ដុល្លារ​ដើម្បី​ទិញ​ទូរស័ព្ទ​

340
ចែករម្លែក

​ឈាម​អាច​ខាប់​ជាង​ទឹក ប៉ុន្តែ​សម្រាប់​ម្តាយ​ក្នុងប្រទេស​ចិន​ម្នាក់នេះ​វិញ លុយ​គឺ​ខាប់​ជាង​អ្វីៗ​គ្រប់​ទាំងអស់ រួមទាំង​កូនបង្កើត​របស់​នាង​ផង​។​

​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បានឱ្យដឹងថា ស្ត្រី​មេម៉ាយ​ជា​ម្តាយ ឈ្មោះ​ម៉ា បាន​លក់​កូនប្រុស​ភ្លោះ​របស់​នាង​កាលពី​ខែកញ្ញា​ឆ្នាំមុន ក្នុងតម្លៃ​សរុប ៦៥.០០០ យ័ន (៩.១៤៧ ដុល្លារ​)​។​

​ការលក់​កូន​ទើបតែ​ត្រូវបាន​រកឃើញ​ដោយ​ប៉ូលិស​ក្នុង​តំបន់​នាពេល​ថ្មីៗ​នេះ​ក្នុងពេល​ប៉ូលិស​កំពុង​ស៊ើបអង្កេត​លើ​ករណី​ផ្សេង​។​

​នាង​ម៉ា​អាយុ​ជាង ២០ ឆ្នាំ​មកពី​ខេត្ត​ចឺ​ជាំ​ង បាន​អះអាងថា នាង​ដាច់ចិត្ត​ធ្វើបែបនេះ ដោយសារតែ​នាង “​គ្មាន​ប្រាក់​និង​ជំពាក់​បំណុល​គេ​ច្រើន​”​។​

​យោងតាម​ស្ត្រី​ខាងលើ ឪពុកម្តាយ​របស់​នាង​បាន​បដិសេធ​មិន​ជួយ​នាង​ទេ ព្រោះ​ពួកគាត់​ខឹង​នាង​ដែលមាន​ផ្ទៃពោះ​មុនពេល​រៀបការ​។​

​រឹតតែ​ធ្ងន់ធ្ងរ​គឺថា ឪពុក​របស់​កូនភ្លោះ​ឈ្មោះ​វូ តាម​ដឹង​គឺ​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ទារក​នេះ​ទេ​។​

​គាត់​ក៏​មិនដឹងរ​ត់ទៅ​ពួន​កន្លែង​ណា​ទេ នៅពេល​កូនភ្លោះ​នេះ​កើតមក តែ​បែរជា​លេចមុខ​សុំ​អង្វរ​នាង​ម៉ា​ឱ្យជួយ​ដោះបំណុល​របស់គាត់ បន្ទាប់ពី​គាត់​បាន​ឮថា​កូនភ្លោះ​ទាំងពីរ​ត្រូវបាន​លក់​។​

​នាង​ម៉ា​បានសម្រេច​ចិត្ត​បែងចែក​លុយ​ពី​ការលក់​កូន ជាមួយ​វូ ដោយ​ប្រើ​ចំណែក​របស់​នាង​ដើម្បី​សងបំណុល​កាត​ឥណទាន​របស់​នាង​និង​ទិញ​ទូរស័ព្ទ​ថ្មី​។​

​មុនពេល​ប៉ូលិស​ចាប់ខ្លួន​អ្នក​ទាំងពីរ ពួកគេ​បាន​ចាយលុយ​អស់​បាត់ទៅហើយ​។​

​នៅពេល​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ប៉ូលិស​បាន​តាម​រកឃើញ​ទារក ដែល​ត្រូវបាន​លក់​ឱ្យទៅ​ប្តី​ប្រពន្ធ​ពីរ​គូ​នៅក្នុង​ខេត្ត​អាន​ហ៊ុយ ដោយ​យក​ទារក​មកជួបជុំ​ជាមួយ​ឪពុកម្តាយ​របស់​នាង​ម៉ា​វិញ​៕ ដោយ៖ កញ្ញាដាលីស

នាង​ម៉ា​និង​អតីត​សង្សារ​ឈ្មោះ​វូ ត្រូវបាន​ចាប់ខ្លួន​ពីបទ​លក់​កូនភ្លោះ