ម្តាយ​អាយុ ៦៤ ឆ្នាំ​និយាយថា​កូនស្រី​អាយុ​៣៤​ឆ្នាំ​របស់គាត់​ត្រូវគេ​ច្រឡំ​ថា​ជា​បងប្អូន​បង្កើត ប៉ុន្តែ​អះអាងថា​សម្រស់​ស្អាត​សាច់​ចាំ​របស់​លោកស្រី​មិនបាន​វះកាត់​ទេ​

454
ចែករម្លែក

​ម្តាយ​ឆើតឆាយ​កូន​មួយ​អាយុ ៦៤ ឆ្នាំ​ម្នាក់ បាន​លាតត្រដាង​ថា មនុស្សម្នា​ចាត់ទុក​ដោយ​ស្វ័យប្រវត្តិ​ថា លោកស្រី​បានទទួល​ការវះកាត់​កែ​សម្ផស្ស​ពី​គ្រូពេទ្យ ពីព្រោះ​ពួកគេ​មិនអាច​ជឿ​បានទេ​ថា​លោកស្រី​មាន​សម្រស់​ក្មេង​អី​ក្មេង​យ៉ាងនេះ​។​

​លោកស្រី អ៊ែន​ជេ​ឡា ផូ​ល (Angela Paul) អាយុ ៦៤ ឆ្នាំ ដែលជា​គ្រូបង្ហាត់​អំពី​ទំនាក់ទំនង​គ្រួសារ​និង​ជា​តារា​បង្ហាញ​ម៉ូត បាន​និយាយថា រូប​សម្រស់​ក្មេង​វ័យ​របស់លោក​ស្រី​គឺ​កើតឡើង​ដោយសារ​ការធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​ស្បែក​រ៉ាំរ៉ៃ​ឈ្មោះ Lupus នៅ​អាយុ​២០​ឆ្នាំ ដែល​ធ្វើឱ្យ​លោកស្រី​ចាប់យក​របៀប​រស់នៅ​ដែលមាន​សុខភាព​ល្អ​បំផុត​។ លោកស្រី​ពីមុន​រស់នៅ​ទីក្រុង​ប្រ៊ែ​ត​ហ្វ​ត​ប្រទេស​អង់គ្លេស ប៉ុន្តែ​បច្ចុប្បន្ន​បាន​រើ​ទៅ​រស់នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាម៉េរិក​។​

​បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​រលាក​នេះ​រួចមក លោកស្រី​បានសម្រេច​ចិត្ត​ថែរក្សា​សុខភាព​យ៉ាង​ខ្លាំងក្លា ហើយ​អះអាងថា របៀប​រស់នៅ​ល្អប្រសើរ​ជាង​មុន​បាន​ជួយ​បន្ធូរបន្ថយ​រោគសញ្ញា​របស់លោក​ស្រី ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ ដោយ​ប្រើ​ការធ្វើ​សមាធិ ការធ្វើ​លំ​ហាត់ប្រាណ អាហារ​រូប​ត្ថ​ម្ភ​និង​សុខភាព​ផ្លូវចិត្ត ជំនួស​វិញ​។​

​ឥឡូវនេះ នៅ​វ័យ​ពាក់កណ្តាល​៦០ លោកស្រី​អ៊ែន​ជេ​ឡា​និយាយថា គេ​គ្រប់គ្នា​តែង​យល់ច្រឡំ​លោកស្រី​និង​កូនស្រី​បង្កើត​របស់លោក​ស្រី ថា​ជា​បងប្អូន​នឹង​គ្នា ហើយ​បុរសៗ​អាយុ​ប្អូន​លោកស្រី​ពាក់កណ្តាល តែងតែ​មក​ញ៉ែ​លោកស្រី​។​

​លោកស្រី​អះអាងថា ការធ្វើ​សមាធិ​និង​ការ​នៅ​ឱ្យ​ឆ្ងាយ​ពីសា​ច់ គឺជា​កត្តា​ធំ​បំផុត​ចំពោះ​ការរក្សា​សម្រស់​លោកស្រី​ឱ្យនៅ​ក្មេង​វ័យ​៕ ដោយ៖ កញ្ញាដាលីស