ម្នាក់​ទៀតហើយ រាំ​ធ្វើ​ចរាចរណ៍​បង្ក​ការចាប់អារម្មណ៍​នៅ​ឥណ្ឌា​

1082
ចែករម្លែក

ការគ្រប់គ្រងចរាចរណ៍នៅតាមបណ្តាទីក្រុងឥណ្ឌាដែលមានមនុស្សណែនណាន់តាន់តាប់ ជាភារកិច្ចលំបាកមួយសំរាប់ប៉ូលិសចរាចរណ៍។តែនៅក្រុងប៊ូបាណេសវ៉ាប៉ូលិសចរាចរណ៍ម្នាក់បានទទួលការចាប់អារម្មណ៍និងក្លាយជាមន្រ្តីប៉ូលិសបញ្ជាចរាចរណ៍មានប្រសិទ្ធភាពម្នាក់ដោយសារតែលោកអាចទាក់ទាញអ្នកដំណើរអោយគោរពច្បាប់ចរាចរណ៍ជាមួយនឹងក្បាច់រាំធ្វើចរាចរណ៍ចម្លែកពីគេរបស់គាត់។

លោកPratap Chandra Khandwalទាក់ទាញអ្នកក្រុងប៊ូបាណេសវ៉ា នៃរដ្ឋអូឌីសា ជាមួយស្ទីលរាំរបស់គាត់។ការខិតខំរបស់គាត់មិនត្រឹមតែទាក់ទាញប្រជាជននៅមូលដ្ឋានទែ តែជនបរទេសថែមទៀត ដែលបានទៅទីក្រុងនេះ។

ថ្លែងប្រាប់សារព័ត៌មានបរទេសមួយ លោកKhandwal បាននិយាយថា “ការងារជាប៉ូលិសចរាចរណ៍ល្បីខាងមិនល្អ និងច្រើនតែត្រូវសាធារណជនខឹងឬអស់ជំនឿនៅពេលអ្នកដំណើរមិនគោរពច្បាប់ចរាចរណ៍។តែតាមរយៈសង្វាក់រាំរបស់ខ្ញុំ ខ្ញុំមិនបណ្តោយអោយប្រជាជនខឹងខ្ញុំ តែពួកគេបែរជានាំគ្នាគោរពច្បាប់”។

ស្ទីលរាំរបស់Khandwalបានធ្វើអោយអ្នកដំណើរសប្បាយចិត្ត និងនាំគ្នាធ្វើតាមការណែនាំរបស់គាត់

Pratap Chandra Khandwal អាយុ៣៣ឆ្នាំបានធ្វើជាប៉ូលិសចរាចរណ៍អស់៤ឆ្នាំមកហើយតែមួយរយៈពេលចុងក្រោយនេះបានរាំបញ្ជាចរាចណ៍យ៉ាងស្ទាត់តាមរយៈការហាត់រៀនដោយខ្លួនឯង។

តាមពិត Khandwalមិនមែនជាប៉ូលិសឥណ្ឌាទី១ទេដែលរាំបញ្ជាចរាចរណ៍បង្កការចាប់អារម្មណ៍។Ranjeet Singh ប៉ូលិសចរាចរណ៍ពុកមាត់សង្ហារម្នាក់ទៀតក៏បានបង្កការចាប់អារម្មណ៍និងភាពសប្បាយក្នុងចំណោមអ្នកធ្វើដំណើរពេលគាត់រាំបញ្ជាចរាចរណ៍នៅក្រុងអ៊ិនដូរេ ក្នុងរដ្ឋម៉ាតយ៉ា ប្រាដែស តាមស្ទីលរាំរបស់តារាចំរៀងម៉ៃឃើល ​ជែក​សាន់ ៕ដោយ៖វាសនា