ម្នាក់​ស្លាប់​និង​៤៩ នាក់​រងរបួស ដោយសារ​ខ្យល់ព្យុះ​បក់បោក​លើ​ប្រទេស​ជប៉ុន​

289
ចែករម្លែក

​សារព័ត៌មាន​NHK បាន​រាយការណ៍​ថា យ៉ាងហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​៤៩​នាក់​បាន​រងរបួស​បន្ទាប់​ពី​ខ្យល់ព្យុះ​ត្រូពិ​កបាន​បោកបក់​លើ​តំបន់​ខ្លះ​នៃ​ប្រទេស​ជប៉ុន​។​

​ខ្យល់ព្យុះ​Krosa នេះ បាន​មក​ដល់​ជិត​ទីក្រុង​Hiroshima ប្រទេស​ជប៉ុន ភាគខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​សីហា​ហើយ​នៅពេលនេះ​វា​បាន​កំពុង​បកបោក​ទៅកាន់​តំបន់​​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ។​នេះ​បើ​យោង​តាម​ភ្នាក់ងារ​ឧតុនិយម​ជប៉ុន​។​

​មនុស្ស​ជាង ៤០០.០០០ នាក់​ត្រូវបាន​ណែនាំ​ឱ្យ​ជម្លៀសចេញ​។​ជើងហោះហើរ​ប្រហែល​៨០០​ជើង​និង​សេវាកម្ម​រថភ្លើង​ត្រូវ​បាន​លុបចោល​ដោយ​ធ្វើឱ្យ​រំខាន​ដល់​ការធ្វើដំណើរ​ក្នុង​​អំឡុង​រដូវ​ឈប់សម្រាក​រដូវក្តៅ​នេះ​។​

​នៅពេលនេះ ខ្យល់ព្យុះ​Krosa បាន​កំពុង​ថម​ថយកម្លាំង​ទៅ​ជា​ព្យុះ​ត្រូពិក​។ កាលពី​មុន​នេះ​វា​ត្រូវ​បាន​ចាត់​ចូល​ជា​ខ្យល់ព្យុះ​ត្រូពិក​កម្លាំង​ខ្លាំង ដោយ​ក្រោម​កម្រិត​ខ្យល់ព្យុះ​ទី​ហ្វុង​។​

​រូបភាព​អំពី​ព្យុះ​បក់បោក​ខ្លាំង​នេះ បានបង្ហាញ​ខ្យល់​បក់បោក​រលំ​ដើមឈើ ក្រឡាប់​រថយន្ត​ធំៗ និង​គួច​វិល​កន្ត្រក​វិល​ក្មេង​ជិះ​លេង​ធំៗ​។ មាន​រលក​សមុទ្រ​ខ្ពស់ៗ និង​ទឹកទន្លេ​​ឡើង​ហូរហៀរ ហើយ​ផ្លូវ​ជាច្រើន​ត្រូវ​ទឹក​ជន​ន់​លិច​។ មនុស្ស​១៨​នាក់​ដែល​បាន​ជាប់​នៅ​មាត់​ច្រាំងទន្លេ​ដែល​ទឹក​ឡើង​ខ្លាំង​ត្រូវបាន​សង្គ្រោះ​។

​ក្រុមមន្ត្រី​បាន​និយាយថា សេវាកម្ម​រថភ្លើង​នៅ​កោះ​Shikoku និង​រថភ្លើង​លឿន​Shinkansen រវាង​ទីក្រុង​Tokyo ទីក្រុង Osaka ទីក្រុង​Hiroshima និង ខេត្ត​Fukuoka​ត្រូវ​បាន​លុបចោល​៕​ដោយ​៖​សុខា​/sn