ម្នាក់​ស្លាប់​និង​៦​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ផ្សារ​ទំនើប​នៅ​អាល្លឺម៉ង់​

1166
ចែករម្លែក

​ប៉ូលិស​បាន​និ​យា​យា​ថា មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់​និង​៦​នាក់​ផ្សេងទៀត​បាន​រងរបួស​កា​ល​ពីថ្ងៃ​សុក្រ ទី​២៨ កក្កដា នៅពេល​បុរស​ជា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំបិត បាន​វាយប្រហារ​លើ​ពួក​អ្នកដើរ​ផ្សារ​នៅ​ផ្សារ​ទំនើង​ក្រុង​ហាំ​បឺ​ក ប្រទេស​អាល្លឺម៉ង់ ដោយបាន​ស្រែកថា “Allahu Akbar (​ព្រះ​ដ៏​អស្ចារ្យ​)” នៅមុន​ពេល បុរស​នេះ ត្រូវបាន​បង្ក្រាបបាន​ដោយ​ពួក​អ្នក​ដើរកាត់​ទីនោះ​។​

​លោក អូ​ឡា​ហ្វ ស្កូ​ល (Olaf Scholz) អភិបាលក្រុង​នេះ បាន​និយាយថា “​ការវាយប្រហារ​នេះ បានកើត​ចេញពី​ការ​ស្អប់​” ប៉ុន្តែ លោក​មិនបាន​និយាយថា វា​ជាហេតុ​ការណ៍​ភេរវកម្ម​ទេ ។

​លោក បាន​និយាយថា “​វា​បានធ្វើឱ្យ​ខ្ញុំ​មានការ​ខឹងសម្បា ដោយសារ​ថា អ្នក​វាយប្រហារ​នេះ ទំនងជា មនុស្ស​ម្នាក់ ដែល​បានទាមទារ​ការ​គាំពារ​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ បែរជា​ប្រែក្លាយ​ការ​ស្អប់​របស់គាត់​ប្រឆាំង​យើង​ទៅវិញ​”​។​

​បើសិន​ការវាយប្រហារ​នេះ ត្រូវបាន​បញ្ជាក់ថា​ជាការ​វាយប្រហារ​បែប​អ៊ីស្លាម​និយម​នោះ វា​នឹង​ក្លាយជា​ការវាយប្រហារ​លើ​ក​ទីមួយ នៅ​ប្រទេស​អាល្លឺម៉ង់ ចាប់តាំងពី ជនជាតិ​ទុយ​នី​ស៊ី​ម្នាក់​ឈ្មោះ អា​នី​ស អាម​រី (Anis Amri) បាន​បើក​ឡានធំ​បុក​ចូល​ហ្វូងមនុស្ស​នៅ​ផ្សារ​មួយ​នៅ​ទីក្រុង​បែរ​ឡាំង កាលពី​ថ្ងៃទី​១៩​ខែធ្នូ ដោយបាន​សម្លាប់​មនុស្ស​១២​នាក់​និង​៤៨​នាក់​បាន​រងរបួស​។​

​ប៉ូលិស​បាន​និយាយថា បុរស​នេះ (​អ្នក​វាយប្រហារ​ដោយ​កាំបិត​នេះ​) អាយុ​២៦​ឆ្នាំ បានកើត​នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ប៉ុន្តែ មិនបាន​បញ្ជាក់​អំ​ពីស​ញ្ជា​តិ ឬ​និយាយ​អំពី​មូល​ហេតុដែល​ស្ថិតនៅ​ពីក្រោយ​អំពើហិង្សា​នេះ​ទេ​។​

​វេ​ប​សាយ News website Spiegel Online បាន​រាយការណ៍​ថា បុគ្គល​នេះ មាន​ឈ្មោះថា អា​ម៉េ​ត អេ ដែល​បាន​មកដល់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន និង​មានការ​ទាក់ទង​ជាមួយ​ក្រុម​អ៊ីស្លាម​និយម ហើយ​ធ្លាប់មាន​ជំងឺផ្លូវចិត្ត​និង ប្រើប្រាស់​គ្រឿងញៀន​៕ ដោយ៖​ សុខា

ក្រុម​អ្នកស៊ើប​អង្កេត ធ្វើការ​ពិនិត្យមើល​នៅ​កន្លែងកើតហេតុ​ដោយ​ការវាយប្រហារ​ដោយ​កា​បិត​នៅ​ផ្សារ​ទំនើប​ក្រុង​ហាំ​បឺ​ក ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សុក្រ