ម្នាក់​ស្លាប់ ជាច្រើន​រងរបួស​នៅក្នុង​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ឥណ្ឌូណេស៊ី​

312
ចែករម្លែក

​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ដក​ការព្រមាន​អំពី​រលក​យក្ស​ស៊ូ​ណា​មី ក្រោយ​រញ្ជួយ​ដី​ខ្លាំង​មួយ​បាន​វាយប្រហារ​ឯនាយ​ឆ្នេរ​កោះ​ចាវ៉ា​របស់​ឥណ្ឌូណេស៊ី​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​២​សីហា ។​

​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី គ្រោះ​រញ្ជួយ​ដី​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​បង្ក​ឲ្យ​របួស​៤​នាក់​។​

​រញ្ជួយ​ដី​កម្លាំង​៦,៩​រិ​ច្ឆ​ទ័​រ បាន​វាយប្រហារ​ឯនាយ​ឆ្នេរ​នៅ​ជម្រៅ​៤២​គីឡូម៉ែត្រ​ក្រោម​បាតសមុទ្រ​កាលពី​យប់​ថ្ងៃ​សុក្រ នៅ​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ ពី​ទីក្រុង​ឡា​បួន ភាគ​និរតី​​ក្រុង​ហ្សា​ការតា​។

​ក្រោយ​ការរញ្ជួយ​ភ្លាម ពួក​អ្នកស្រុក​បាន​ភៀសខ្លួន​ចេញពីផ្ទះ​។​រូបភាព​មកពី​តំបន់​រងគ្រោះ​បង្ហាញ​ជញ្ជាំង​អគារ​រលំ​បាក់ និង​ឥដ្ឋ​ក្បឿង ​ព្រមទាំង​កម្ទេចកម្ទីនៅ​រាយប៉ាយ​លើដី​។​

​ផ្នែក​រញ្ជួយ​ដី​អាម៉េរិក​ថា ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៦,៨​រិ​ច្ឆ​ទ័​រ តែ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​ថា​វា​មាន​រង្វាស់​ដល់​ទៅ​៧,៤​រិ​ច្ឆ​ទ័​រ ដែល​អាច​បង្ក​ជា​ស៊ូ​ណា​មី និង​បាន​អំពាវនាវ​​ឲ្យ​អ្នកស្រុក​ភៀសខ្លួន​ចេញ​ទៅ​កាន់​ទី​ខ្ពស់ៗ តែ​ការព្រមាន​អំពី​ស៊ូ​ណា​មីនេះ​ត្រូវបាន​ដកចេញ​វិញ​នៅ​៣​ម៉ោង​ក្រោយ​៕​ដោយ​៖​វាសនា​/Ha

​ប្រជាជន​នាំគ្នា​ចេញពីផ្ទះ​ពី​អាគារ​ក្រោយ​រញ្ជួយ​ដី​កាលពី​យប់​ថ្ងៃ​សុក្រ​