ម្នាក់​ស្លាប់ ៨​នាក់​រងរបួស ​ក្នុង​ការបាញ់ប្រហារ​នៅ​សាលារៀន​អាម៉េរិក​

790
ចែករម្លែក

​សិស្ស​២​នាក់​បាន​បាញ់ប្រហារ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ឧសភា នៅក្នុង​សាលារៀន​ឈ្នួល​មួយ​នៅក្នុង​សហគមន៍​ជាយ​ក្រុងឌែន​វើ ដោយ​បាន​សម្លាប់​ក្មេង​ជំទង់​ម្នាក់​និងរបួស​៨​នាក់ មុន​​ពេល​ជន​ដៃដល់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​។​

​បើ​តាម​សេចក្តីរាយការណ៍ មន្ទីរពេទ្យ​៣​នៅ​តំបន់​នោះ​កំពុង​ព្យាបាល​អ្នករងរបួស​៨​នាក់ ក្នុងនោះ​២​នាក់​របួសធ្ងន់​ពី​ការបាញ់ប្រហារ​នេះ​។​

​តម្រួត​ខណ្ឌ​ លោក​ថូ​នី ស្ពឺ​ឡុក បាន​និយាយថា ជនល្មើស​ទាំង​ពីរ​បាន​ដើរ​ចូល​ក្នុង​ទីធ្លា​សាលា STEM School Highlands Ranch​ និង​បាញ់​លើ​សិស្ស​នៅ​២​បន្ទប់​។​តែ​ប៉ុន្មាន​នាទី​​ក្រោយ​ការបាញ់ តម្រួត​នៅ​ការិយាល័យ​ជិត​នោះ​បាន​ទៅ​ដល់​និង​ចាប់​ជនសង្ស័យ​ទាំង​ពីរ​។​

​ការបាញ់ប្រហារ​នៅ​សាលារៀន​នេះ​កើត​ឡើង​ជាង​២​សប្តាហ៍ ក្រោយ​សាលា​មធ្យមសិក្សា​Littleton ក្បែរ​នោះ​បាន​ប្រារព្វ​ខួប​ទី​២០​នៃ​ការបាញ់​សម្លាប់​មនុស្ស​១៣​នាក់​ក្នុង​សាលា​។​វា​ក៏​​បាន​កើត​ឡើង​នៅ​ពេល​មួយ​សប្តាហ៍​ក្រោយ​ខ្មាន់កាំភ្លើង​ម្នាក់​សម្លាប់​និស្សិត​២​នាក់​និង​បង្ក​របួស​៤​នាក់​នៅ​សកល​វិទ្យាល័យ​North Carolina Charlotte​។​

STEM School Highlands Ranch ជា​សាលា​ឈ្នួល​សាធារណៈ​មួយ​ដែល​មាន​សិស្ស​ជាង​១.៨០០​នាក់​ចាប់​ពី​មត្តេយ្យ​ដល់​ថ្នាក់ទី​១២៕ដោយ៖វាសនា/Ha

សិស្ស​ត្រូវ​បាន​ជម្លៀស​តាម​រថយន្ត​ក្រុង​របស់​សាលា​ទៅ​កាន់​មណ្ឌល​ដែល​ឪពុក​ម្តាយ​របស់​គេ​នៅ​រង់ចាំ​ទីនោះ​