ម្រេច​កំពត​ជួប​វិបត្តិ​ជ្រុះ​ផ្កា, ៦​ម៉ឺន​ទៅ៧ម៉ឺន​គុម្ព ជ្រុះ​ផ្កា​ទាំងអស់ដោយសារអាកាសធាតុ

703

(​ភ្នំពេញ)​៖ ដំណាំ​ម្រេច​ឆ្នាំនេះ​ត្រូវ​រងគ្រោះ​ធំ ដោយសារ​ការ​បម្រែបម្រួល​អាកាសធាតុ គឺ​ផ្កា​ម្រេច​ជ្រុះ​អស់ពីរដង​មកហើយ​។ នេះ​បើតាម​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពីពេល​ថ្មីៗ​នេះ ។ 
​ (ចម្ការម្រេចកំពត៖រូបឯកសារ)
​លោក ប្រធាន​ប្រាប់ទៀតថាៈ មូល​ហេតុដែល​ធ្វើឱ្យ​ម្រេច​ជ្រុះ​ផ្កា​ពីរដង​បណ្តាលមកពី​អាកាសធាតុ កន្លងមក​មុន​រដូវភ្លៀង​ធ្លាក់ គឺអាកាសធាតុ​នៅ​តំបន់​នោះ​ក្តៅហែង​ឬ ក្តៅ​ឈួ​ល​ដល់​ដី​-​ដល់ពេល​ភ្លៀង​ធ្លាក់​ដល់​ដី ចំហាយ​ក្តៅ​ចេញពី​ដី​-​ឈួ​ល​ឡើងទៅ​ប៉ះ​ដំណាំ​ម្រេច​កំពង់​តែ​ផ្កា នេះ​ជាហេតុ​ធ្វើឱ្យ​ម្រេច​ជ្រុះ​ផ្កា​អស់​។ ជ្រុះ​ផ្កា​នេះ​គឺ​គ្រប់​ចំការ​ម្រេច ទាំង​តូច​ទាំង​ធំ មាន​ប្រមាណ​ពី ៦​ម៉ឺន​ទៅ៧ ម៉ឺន​គុម្ព ជ្រុះ​ផ្កា​ទាំងអស់ ។ ​ឥឡូវនេះ​ម្រេច​បានចេញ​ផ្កា​លើក​ទី​៣ ប៉ុន្តែ​លោក ងួន ឡាយ មិន​បញ្ជាក់ថា​តើ​ផ្កា​ម្រេច​ទី ៣​នេះ ជ្រុះ​ទៀត​ឬ យ៉ាងណា​នោះទេ ។ សូម្បីតែ​ដំណាំ​ស្វាយ នៅ​តំបន់ភ្នំ​វ​ល្លិ៍ រាប់រយ​ហិកតា​ក្នុង​ខេត្ត​កែប ក៏​ជ្រុះ​ផ្កា​ដែរ ។

​​គាត់​ថា​ការ​ជ្រុះ​ផ្កា​ម្រេច​បែបនេះ មិនដែល​ជួបប្រទះ​ទេ​តាំងពី​ដូនតា ធ្លាប់​ដាំ​ម្រេច​នៅទីនេះ ។ បើ​យើង​ប្រើ​ថ្នាំ​បាញ់​កុំឱ្យ​ជ្រុះ​ផ្កា​ដូច​ដំណាំ​ស្វាយ មិនបាន​ជាដាច់ខាត គឺ​យើង​ត្រូវ​ប្រើ​តាម​អនុវត្តតាម​គោលការណ៍​ធម្មជាតិ និង​លក្ខ​ខណ្ឌ​ភូមិសាស្ត្រ របស់​ក្រសួងពាណិជ្ជកម្ម ។

ការលើកឡើង​របស់ ប្រធាន​សមាគម​បែបនេះ ទំនងជា​មិនសូវមាន​ការព្រួយបារម្ភ ទៅលើ​ផល​ម្រេច​សំរាប់​ការ​ចេញ​នៅ​ឆ្នាំក្រោយ​នោះទេ ។ គឺ​ដោយសារ​ម្រេច​របស់​សមា​គម​នៅសល់​ប្រមា​ណស​២០​តោន​ទៀត អាច​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុននាំចេញ បាន​សំរាប់​ឆ្នាំក្រោយៗ​ទៀត ។ ក៏ប៉ុន្តែ​លោក​ឡាយ​បាន​ប្រាប់ថាៈ ចាប់ពី​ឆ្នាំ ២០១៧ ទៅ សមាជិកសមាគម​ម្រេច​កំពត​ទាំងអស់​ផ្អាក​លែង​ឱ្យ​ពង្រីក​ផ្ទៃដី​ដាំ​ម្រេច​ទៀតហើយ ។ បើ​ពង្រីក​ដំណាំ​នេះ​ច្រើនពេក​ទៅ វា​ធ្វើឱ្យ​ហួស​តម្រូវការ​ផ្គត់ផ្គង់​ទីផ្សារ ធ្វើឱ្យ​ម្រេ​ច​ចុះថោក ដោយសារបច្ចុប្បន្ន​មាន​២១០ ហិកតា ។ ហើយ​មាន៥០ ហិកតា​ទៀត អ្នក​ដាំ​ថ្មី​ចង់​ចូល​ជា​សមាជិកសមាគម​បន្ថែមទៀត​នៅ​ឆ្នាំ ២០១៧​នេះ ។

តម្លៃ​ម្រេច​លក់​ចេញពី​កសិដ្ឋាន​ទៅ មាន​ម្រេចខ្មៅ​ថ្លៃ១៥​ដុល្លារ , ម្រេច​ក្រហម​ថ្លៃ ១៥​ដុល្លារ / ១​គីឡូ និង​ម្រេចស​ថ្លៃ ២៨​ដុល្លារ​/១​គីឡូ៕ ​ដោយ​៖ មូល សម្បត្តិ​/sn