ម្រេច​ឆ្នាំនេះ​រងគ្រោះ​ធ្ងន់​ដោយសារ​ភ្លៀង​ច្រើនពេក​

1034
ចែករម្លែក

​ដោយ​: មូល​សម្បត្តិ ភ្នំពេញ​: ដោយសារ​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក តាំងពី​ខែមិថុនា​រហូតដល់​ខែសីហា​នេះ នៅតែ​ភ្លៀង​ធ្លាក់​ច្រើន​តទៅទៀត ធ្វើ​ឲ្យ​ដំណាំ​ម្រេច​និង​ការប្រមូល​ផល​ម្រេច​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​ខេត្តកំពត បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២១​សីហា​នេះ​ថា ភ្លៀង​ជាប់ៗ​គ្នា​រាប់​ខែ គ្មាន​ពន្លឺ​ថ្ងៃ ហើយ​ចំពេល​ប្រមូល​ផល​ម្រេច​ផង ធ្វើ​ឲ្យ​ផល​ម្រេច​ខូចខាត​មួយចំនួនធំ ដោយសារតែ​គ្មាន​ថ្ងៃ​ហាល​ឲ្យ​ស្ងួត​។ ហើយ​ម្រេច​ដែល​មិនទាន់​បេះ​ក៏​ខូចខាត​ដែរ​។​

​លោក ឡាយ ប្រាប់ថា ក្នុង​ចំនួន​ម្រេច​បេះ​ហើយ​មិនមាន​ថ្ងៃ​ហាល គឺ​ខូច​ពី​៣០​ទៅ​៤០​ភាគ ធ្វើ​ឲ្យ​ម្រេច​ចេញ​ពណ៌​ស្លេក ពណ៌​រមៀត អាច​ដុះ​ផ្សឹ​ត​ខ្លះទៀត សំបក​ម្រេច​ឡើង​ប៉ោង​។ ម្រេច​ខូច​ធ្ងន់ធ្ងរ​ជាងគេ គឺ​ម្រេច​ក្រហម​ស្ទើរតែ​គ្មាន​សល់​ទេ​ឆ្នាំនេះ និង​ម្រេចខ្មៅ​។ ចំណែក​ម្រេចសរ​អត់​បញ្ហា​ទេ​។ ចំពោះ​ម្រេច​មិនទាន់​ប្រមូល​ផល​នៅសល់​ប្រមាណ​២០​ទៅ​៣០​ភាគរយ ក៏​ខូច​ដែរ គឺ​វា​ស្អុយ វា​ជ្រុះ​ទៅ​ដី​។ ជាទូទៅ​ម្រេច​សើម ឬ​ម្រេច​ត្រូវ​ទឹក វា​ប្តូរ​ពណ៌​ខូច​សោ​ភណ្ឌ​ភាព តែ​គុណភាព​នៅ​ដដែល​ទេ​។​សូម្បីតែ​ផ្ទាំង​សូ​ឡា​ស្រូបយក​ពន្លឺ​ថ្ងៃ សំរាប់​ទាញយក​កំដៅ​បំរើអោយ​ឡស​ម្ងួ​ត​ក៏​គ្មាន​ដែរ​។ បញ្ហា​នេះ​ជា​គ្រោះថ្នាក់ និង​ប្រឈម​ទៅនឹង​ផលប៉ះពាល់​ដល់​ការប្រមូល​ម្រេច​យ៉ាងធ្ងន់ធ្ងរ​។ គ្មាន​វិធី​ណា​ដោះស្រាយ​ឲ្យ​ប្រសើរ​បាន​នោះទេ​។​

​លោក​ប្រធាន​សមាគម​បាន​ប្រាប់ថា ឆ្នាំនេះ​ផល​ម្រេច​របស់​សមាគម​ប្រមូល​បានតែ​៧៥​តោន​ប៉ុណ្ណោះ​។ ៧៥​តោន​នេះ ក៏​នៅមាន​ម្រេច​ខ្លះ​ខូច​ទៀត​។ ឆ្នាំ​២០១៧ ផល​ម្រេច​ទទួលបាន​១០២​តោន​។ គាត់​បាន​កំប្លែង​ព្រលយ​ពាក្យ​ប្រាប់​អ្នកកាសែត​ថា “​ជីវិត​អ្នក​កសិករ​តែ​អីចឹង​”​។​

​គាត់​បង្ហើប​ថា ទីផ្សារ​ម្រេច​ឆ្នាំនេះ ក៏​យ៉ាប់​ជាង​ឆ្នាំមុនៗ​ដែរ ទីផ្សារ​វា​ចង្អៀត​ត្រង់​ថា ក្រុមហ៊ុន​បញ្ជា​ទិញ​តិចតួច​។ មិន​ដូច​ឆ្នាំមុនៗ​ទេ​។ គឺ​គេ​បញ្ជា​ទិញ​ស្តុក​ទុក​ប្រចាំឆ្នាំ​តែម្តង​។ ឥឡូវ​គេ​ទិញ​បន្តិចបន្តួច​សំរាប់​នាំចេញ​ភ្លាមៗ​។ ចំណែក​តម្លៃ​ទីផ្សារ​នៅ​ថេរ​បី បួន​ឆ្នាំ​មកហើយ​គឺ​ម្រេចខ្មៅ​ថ្លៃ​១៥​ដុល្លារ​ក្នុង​១​គីឡូ​។ ម្រេច​ក្រហម​ថ្លៃ​២៥​ដុល្លារ​។ ម្រេចស​ថ្លៃ​២៨​ដុល្លារ​។ បើ​តម្លៃ​ម្រេច​ចុះថោក​ជាង​នេះ អ្នក​ដាំ​ម្រេច​ដែល​ជួល​ពលកម្ម​គេ​ឲ្យ​ធ្វើ ច្បាស់​ជា​ខាតបង់​អត់​រួច​ថ្លៃដើម​នោះទេ​។ តែបើ​ធ្វើជា​លក្ខណៈ​គ្រួសារ មិន​ជួល​ពលកម្ម​គេ​នៅមាន​រស់​បន្តទៀត​បាន​៕ ល​